FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចម៉ែ ផ្ញើព្រះរាជសាររំលែកទុក្ខ ជូនឯកឧត្តម សុខ ចិន្តាសោភាចំពោះមរណភាព ឧបាសិកា គង់ ណម ទន់ចាយ ត្រូវជាម្តាយក្មេក

17-11-2026 21:00

(ភ្នំពេញ)៖ សម្តេច ព្រះ មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានផ្ញើព្រះរាជសារចូលរួមរំលែកមរណទុក្ខជូនឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ចំពោះមរណភាពរបស់ឧបាសិកា គង់ ណម ទន់ចាយ ដែលត្រូវជាម្តាយក្មេក។ នេះបើយោងតាមព្រះរាជសាររបស់សម្តេចម៉ែ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

ព្រះរាជសារ សម្តេចម៉ែ បានមានព្រះបន្ទូលថា៖ «ខ្ញុំបានទទួលដំណឹងដ៏ក្រៀមក្រំអំពីឧបាសិកា គង់ ណម ទន់ចាយ ដែលត្រូវជាម្តាយក្មេក និងម្តាយបង្កើតរបស់ឯកឧត្តម និងលោកជំទាវបានទទួលមរណភាព នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង៤:២០នាទីព្រឹក ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ។

ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងសូមសម្តែងនូវសេចក្ដីសោកស្តាយជាមួយឯកឧត្តម និងលោកជំទាវព្រមទាំងក្រុមគ្រួសារ និងញាតិមិត្តទាំងអស់នៃសព។

ការទទួលមរណភាពរបស់ឧបាសិកា គង់ ណម ទន់ចាយ គឺជាការបាត់បង់ម្តាយក្មេក ម្តាយបង្កើត ជីដូន និងជីដូនទួត ដែលប្រកបដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃ ជាអ្នកគោរពប្រតិបត្តិព្រះពុទ្ធសាសនាដ៏ខ្ជាប់ខ្ជួនមួយរូប ព្រមទាំងជាទីគោរពស្រឡាញ់បំផុតនៃកូនចៅ និងមហាជនទាំងពួង។

សូមវិញ្ញាណក្ខន្ធឧបាសិកា គង់ ណម ទន់ចាយ អញ្ជើញទៅកាន់សុគតិភពកុំបីខាន។ សូមឯកឧត្តម និងលោកជំទាវទទួលនូវសេចក្ដីរាប់អានដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ»៕