FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកទុក្ខជូន ឯកឧត្តម សុខ ចិន្តាសោភា ចំពោះមរណភាពម្តាយក្មេក

17-11-2026 20:50

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសារលិខិតរំលែកទុក្ខ ផ្ញើជូន ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកជំទាវ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ គង់ ណម ទន់ចាយ ដែលត្រូវជាម្តាយក្មេក របស់ឯកឧត្តម កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ៤:២០ នាទីទៀបភ្លឺ ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយជរាពាធ។

តាមរយៈសាររំលែកទុក្ខ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានរៀបរាប់យ៉ាងដូច្នេះថា៖ «ឯកឧត្តម និងលោកជំទាវជាទីរាប់អានដ៏ជ្រាលជ្រៅ និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា ពិតជាមានសេចក្តីក្តុកក្តួលរន្ធត់ចិត្តឥតឧបមា បន្ទាប់ពីបានទទួលដំណឹងដ៏សែនក្រៀមក្រំបំផុតថាលោកជំទាវ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ គង់ ណម ទន់ចាយ ត្រូវជាម្តាយក្មេកម្តាយ បង្កើតរបស់ឯកឧត្តម និងលោកជំទាវ បានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័កព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង៤:២០នាទីទៀបភ្លឺ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ។

ក្នុងវេលាដ៏សែនក្តុកក្តួលបំផុតនេះ ខ្ញុំសូមចូលរួមសម្ដែងនូវសមានទុក្ខដ៏ក្រៀមក្រំបំផុតជាមួយឯកឧត្តម និងលោកជំទាវព្រមទាំងក្រុមគ្រួសារទាំងអស់ ចំពោះការបាត់បង់ម្តាយក្មេកម្តាយបង្កើត ជីដូន ជីដូនទួត ជាទីគោរពស្រឡាញ់បំផុតដែលកន្លងមក បានលះបង់គ្រប់បែបយ៉ាងក្នុងការតស៊ូចិញ្ចឹមបីបាច់
ថែរក្សាអប់រំ ផ្ដល់ឱវាទល្អៗចំពោះកូន ចៅ ចៅទួតឱ្យរស់នៅប្រកបដោយគន្លងធម៌ រហូតបានក្លាយជាបញ្ញវន្តជាថ្នាក់ដឹកនាំដែលជាមូលធនមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ រហូតមកដល់បច្ចុប្បន្ននេះ។

លើសពីនេះទៅទៀតលោកជំទាវ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ក៏ជាពុទ្ធសាសនិកជនគំរូមួយរូប ដែលតែងតែបានចូលរួមចំណែកកសាងសមិទ្ធផល សម្រាប់សង្គមជាច្រើនទាំងក្នុងអាណាចក្រ និងពុទ្ធចក្រ លើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជា ប្រកបដោយព្រហ្មវិហារធម៌ និងគុណធម៌ដ៏ល្អប្រពៃថ្លៃថ្លា។

ខ្ញុំ និងសហការីនៃកាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកជំទាវ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍គង់ ណម ទន់ចាយ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូមឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងអស់ទទួលនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះពីខ្ញុំ និងសហការី»៕