សម្តេចរដ្ឋសភាធិបតី ឃួន សុដារី សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២២ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ
28-10-2026 15:31
(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា តាងនាមរដ្ឋសភា និងក្នុងនាមផ្ទាល់ បានផ្ញើសារលិខិតថ្វាយព្រះរាជសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ ថ្វាយចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃពិធីខួបលើកទី២២ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។
យោងតាមសារលិខិតថ្វាយព្រះពរ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ សម្តេចប្រធានរដ្ឋសភា បានសម្តែងនូវស្វាមីភក្តិដ៏ជ្រាលជ្រៅបំផុត និងសូមព្រះបរមរាជានុញ្ញាតបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» សូមព្រះមេត្តាប្រោះព្រំទឹកអម្រឹត ប្រសិទ្ធពរជ័យ សិរីមង្គលមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះកាយពលរឹងមាំខ្លាំងក្លា ព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានា។
សារលិខិតដដែលបានគូសរំលេចថា ការបួងសួងថ្វាយព្រះពរជ័យសិរីមង្គលនេះ គឺដើម្បីព្រះអង្គទ្រង់បន្តគង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិ បំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តមថ្លៃថ្លាបំផុត ជាព្រះនិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ ព្រមទាំងគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រជាកូនចៅរបស់ព្រះអង្គនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានជ្រកកោនរស់នៅក្នុងភាពសុខសាន្ត និងចម្រុងចម្រើនជានិច្ចនិរន្តរ៍។
ជាចុងក្រោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិការដ្ឋសភាទាំងអស់ បានក្រាបបង្គំទូលថ្វាយនូវព្រះស្វាមីភក្តិភាព និងអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕


