សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើសារជូនពរ សម្តេចក្រុមព្រះ នរោត្តម ច័ក្រពង្ស ក្នុងឱកាសខួបចម្រើនជន្មាយុ
21-10-2026 20:21
(ភ្នំពេញ)៖ នាឱកាសប្រកបដោយនក្ខត្តឫក្សដ៏ប្រសើរថ្លៃថ្លានៃថ្ងៃចម្រើនព្រះជន្មវស្សាជាមង្គល សម្តេចក្រុមព្រះ នរោត្តម ច័ក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងភរិយា បានផ្ញើសារជូនពរសម្តែងនូវសេចក្តីសោមនស្សរីករាយ ចូលរួមអបអរសាទរ និងសូមថ្វាយនូវព្រះសព្ទសារធុការពរ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរ គ្រប់ប្រការ ចំពោះ សម្តេចក្រុមព្រះ សូមឱ្យសម្តេចប្រកបដោយព្រះសុខភាពល្អបរិបូរណ៍ ព្រះកាយពល មាំមួន ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះទីឃាយុយឺនយូរ និងនៅតែបន្តទទួលបានជោគជ័យធំធេងថ្មីៗ បន្ថែមទៀត លើគ្រប់ព្រះបេសកកម្មការងារក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជន និង ក្នុងព្រះរាជសកម្មភាពការងារមនុស្សធម៌របស់សម្តេច កាន់តែរីកចម្រើនជាភិយ្យោភាពតទៅ។
តាមរយៈសារលិខិតជូនពរសម្តេចវិបុលសេនាភក្តី សាយ ឈុំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក សូមជួយអភិបាលគ្រងរក្សា និងប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យថ្វាយ សម្តេចក្រុមព្រះ និងអ្នកម្ខាង ព្រមទាំងព្រះរាជវង្សានុវង្ស សូមបានសមប្រកបតែនឹងពុទ្ធពរដ៏ប្រពៃថ្លៃថ្លាបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចក្រុមព្រះ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទទួលនូវការ រាប់អានដ៏ជ្រាលជ្រៅបំផុតពីខ្ញុំ៕

