FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកឧត្តម ជា សុផារ៉ា ផ្ញើសារលិខិតអបអរសាទរ និងជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

20-10-2026 19:00

(ភ្នំពេញ)៖ ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសារលិខិតសម្តែងនូវការអបអរសាទរ និងគោរពជូនពរបវរមហាប្រសើរជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏វិសេសវិសាលនៃខួបកំណើត នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ដោយបានជូនពរ សម្តេចធិបតី ទទួលបាននូវជោគជ័យគ្រប់ភារកិច្ច និងបន្តដឹកនាំនាវាកម្ពុជាឱ្យឆ្លងកាត់រលកនៃការប្រែប្រួលជាសកល ប្រកបដោយសុវត្ថិភាព និងភាពរុងរឿង ឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង។

តាមរយៈខ្លឹមសារនៃសារលិខិត ឯកឧត្តម ជា សុផារ៉ា បានលើកឡើងនូវទស្សនវិស័យប្រវត្តិសាស្ត្រដ៏មានអត្ថន័យជ្រាលជ្រៅថា ប្រវត្តិសាស្ត្រកម្ពុជា បានបង្រៀនឱ្យដឹងថា «សន្តិភាព មិនមែនជាទីបញ្ចប់នៃដំណើរនោះទេ តែជាចំណុចចាប់ផ្តើមនៃការកសាងអនាគត»។ ក្នុងន័យនេះ ការបន្តរក្សាស្ថិរភាព សន្តិភាព សាមគ្គីភាព ឯកភាពជាតិ និងការអភិវឌ្ឍ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ជាទីបំផុតសម្រាប់ការពង្រឹងរចនាសម្ព័ន្ធរបស់កម្ពុជាឱ្យកាន់តែរឹងមាំទៅមុខ។

ទន្ទឹមនឹងនេះ ឯកឧត្តមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានគូសរំលេចពីបេសកកម្មជាប្រវត្តិសាស្ត្ររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានលះបង់ និងបំពេញបេសកកម្មដ៏ធំធេងសម្រាប់ប្រជាជាតិខ្មែរ ដោយមិនត្រឹមតែបន្សល់ទុកនូវប្រទេសជាតិដែលមានការអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែបានបន្សល់ទុកនូវមាតុភូមិមួយប្រកបដោយសន្តិភាព អត្តសញ្ញាណ ភាពរឹងមាំ សេចក្តីថ្លៃថ្នូរ និងមោទនភាពជាតិដ៏ឧត្តុង្គឧត្តមសម្រាប់កូនចៅជំនាន់ក្រោយ។

ក្នុងឱកាសដ៏មហោឡារិកនេះ ឯកឧត្តម ជា សុផារ៉ា បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរជ័យ បវរមហាប្រសើរជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំង ៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់អនាគតដ៏រុងរឿង និងភ្លឺស្វាងជានិច្ចនិរន្តរ៍៕