ឯកឧត្ដម ជីវ កេង ផ្ញើសារលិខិតជូនពរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្នុងឱកាសពិធីចម្រើនជន្មាយុ
01-10-2026 16:52
(ភ្នំពេញ)៖ ឯកឧត្ដម ជីវ កេង ប្រធានតុលាការកំពូល និងលោកជំទាវ ឆាយ ស៊ីណា ព្រមទាំងថ្នាក់ដឹកនាំ ចៅក្រម ក្រឡាបញ្ជី និងមន្រ្តីរាជការទាំងអស់នៃតុលាការកំពូល សូមផ្ញើសារលិខិតជូនពរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសពិធីចម្រើនជន្មាយុ។
ក្នុងឱកាសដ៏មហាប្រសើរប្រកបដោយក្តីភិរម្យសោមនស្សរីករាយនៃពិធីចម្រើនជន្មាយុ យើងខ្ញុំសូមសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលបានលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមបម្រើផលប្រយោជន៍ជូនជាតិ មាតុភូមិ ជាពិសេសក្នុងការបន្តដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើការកែទម្រង់នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ជាពិសេសការសម្រេចបាននូវកំណើនរឹងមាំ និងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា សំដៅលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ដែលជាកត្តារួមចំណែកដ៏មានសារៈសំខាន់ ក្នុងការធានាថែរក្សាស្ថិរភាពសង្គម និងភាពសុខដុមរមនាក្នុងសង្គមជាតិ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមជួយថែរក្សា ការពារ និងប្រោះព្រំសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខគ្រប់ប្រការជូនចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ មានបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ កាយពលរឹងមាំខ្លាំងក្លា សុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ និងសូមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
