ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ច័ន្ទ សារុន
31-08-2026 18:30
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការទី៥ និងជានាយកខុទ្ទកាល័យនៃព្រឹទ្ធសភា បានផ្ញើសារលិខិតរំលែកមរណទុក្ខ គោរពជូនក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន។
យើងខ្ញុំមានសេចក្ដីក្ដុកក្ដួល រន្ធត់តក់ស្លុត និងសោកស្តាយជាអនេក ដោយបានទទួលដំណឹងមរណភាពរបស់ លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ដែលជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ។ លោកបានទទួលមរណភាពនៅថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០០:២៩នាទី ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ។
ក្នុងវេលាប្រកបដោយសេចក្តីទុក្ខ និងសេចក្តីសោកសង្រេងនេះ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ លោកជំទាវ និងក្រុមគ្រួសារ ដោយសេចក្តីស្រណោះអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបាន។
ការបាត់បង់នេះគឺជាការបាត់បង់ដ៏ធំធេងនូវលោកឪពុក ឪពុកក្មេក ជីតា និងជីទួតជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌របស់កូនប្រុសស្រី បងប្អូន ចៅ ចៅទួត និងក្រុមគ្រួសារ។ យើងខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន សូមឆាប់បានយោនយកកំណើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

