សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ
13-08-2026 22:47
(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានមានប្រសាសន៍ថា ស្ថិតក្នុងឱកាសដ៏ប្រសើរថ្លៃថ្លា នៃពិធីចម្រើនជន្មាយុ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ក្នុងនាមខ្ញុំផ្ទាល់ និងសមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាល ព្រមទាំងមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា សូមគោរពសម្ដែងនូវអំណរសាទរដោយក្តីសោមនស្សរីករាយ និងសូមជូននូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្ដេចកិត្តិសង្គហបណ្ឌិត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណភ្លឺថ្លាឈ្លាសវៃ និងមានជន្មាយុយឺនយូរ ដើម្បីបម្រើបុព្វហេតុជាតិ មាតុភូមិកម្ពុជា ជារៀងដរាបតទៅ។
ក្នុងពិធីចម្រើនជន្មាយុវឌ្ឍនមង្គលដ៏វិសេសវិសាលនេះ ខ្ញុំសូមសម្ដែងនូវការកោតសរសើរដោយស្មោះ ចំពោះគំរូវីរភាពស្នេហាជាតិដ៏ឧត្តុង្គឧត្តម របស់សម្តេចកិត្តិសង្គហបណ្ឌិត គឺជាវីរនារីកម្ពុជាដ៏ឆ្នើមមួយរូបដែលបានធ្វើពលីកម្មបូជាកម្លាំងកាយ ចិត្ត ឆ្លងកាត់រាល់ការលំបាកជាច្រើនរាប់មិនអស់ និងនៅគ្រប់ស្ថានភាពនយោបាយបានចូលរួមចំណែកជាមួយឥស្សរជនកំពូលៗ ដឹកនាំបំពេញបេសកកម្មបម្រើប្រទេសជាតិ នាំមកនូវសុខសន្តិភាព អធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងវឌ្ឍនភាពដ៏រុងរឿង។
លើសពីនេះទៅទៀត សម្តេចកិត្តិសង្គហបណ្ឌិត ក៏ជានិមិត្តរូបនៃកម្លាំងមហាសាមគ្គីជាតិខ្មែរដ៏សំខាន់ ដែលពលរដ្ឋគ្រប់រូប ជាពិសេសស្ត្រីនៃសមាជិកាសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បាននិងកំពុងសកម្មដើរតាមគំរូវីរភាពក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ច សុខុមាលភាព វិបុលភាពគ្រួសារនិងសង្គម ប្រកបដោយចីរភាពស្ថិរភាព និងបរិយាបន្ន រួមទាំងក្នុងសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។
ក្នុងថ្ងៃដ៏សិរីសួស្តីជ័យមង្គលនេះ ខ្ញុំ និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា
សូមជួយអភិបាលប្រោះព្រំ គ្រងរក្សា សម្ដេចកិត្តិសង្គហបណ្ឌិត និងបុត្រា បុត្រី ចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

