សម្ដេចមហាមន្ត្រី គុយ សុផល ផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ចំពោះមរណភាពមហាឧបាសិកា នេត សុគន្ធ ត្រូវជាបងស្រីរបស់ឯកឧត្តមសន្តិបណ្ឌិត
06-07-2026 22:13
(ភ្នំពេញ)៖ សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ បានផ្ញើសារលិខិតរំលែកទុក្ខជូនឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ ហ៊ុន គឹមឡេង នេត សាវឿន ព្រមទាំងក្រុមគ្រួសារ ចំពោះមហាឧបាសិកា នេត សុគន្ធ ត្រូវជាបងស្រីរបស់ ឯកឧត្តមសន្តិបណ្ឌិត។
តាមរយៈសារលិខិតនោះ មានខ្លឹមសារដូច្នេះថា តាងនាមមន្ត្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំងនគរបាលទាំងអស់ ដែលកំពុងបម្រើ ការងារនៅក្រសួងព្រះបរមរាជវាំង ខ្ញុំមានសេចក្តីក្រៀមក្រំយ៉ាងក្រៃលែង ដោយបានទទួលដំណឹង មរណភាពរបស់ ឧបាសិកា នេត សុគន្ធ ដែលត្រូវជាបងស្រីបង្កើតរបស់ ឯកឧត្តមសន្តិបណ្ឌិត នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៣:៥៧នាទី ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។
ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងសូមសម្តែងនូវការសោកស្តាយ ជាមួយ ឯកឧត្តមសន្តិបណ្ឌិត និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្តទាំងអស់នៃសព។ ការទទួលមរណភាព របស់ឧបាសិកា នេត សុគន្ធ គឺជាការបាត់បង់បងស្រី ម្តាយ និងជីដូន ដែលប្រកបទៅដោយ ព្រហ្មវិហារធម៌ សង្គហធម៌ ជាទីគោរពស្រឡាញ់នៃកូនចៅ និងមហាជនទាំងពួង ព្រមទាំងបាន លះបង់ពេលវេលា ធនធាន ដើម្បីចូលរួមចំណែកក្នុងការងារមនុស្សធម៌ និងទ្រទ្រង់លើកស្ទួយ វិស័យព្រះពុទ្ធសាសនានៅកម្ពុជា។
ខ្ញុំសូមសម្តែងនូវការគោរពចំពោះវិញ្ញាណក្ខន្ធ ឧបាសិកា នេត សុគន្ធ និងសូមវិញ្ញាណក្ខន្ធ ឧបាសិកា អញ្ជើញទៅកាន់សុគតិភពកុំបីខាន៕

