FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនលោកស្រី យឹម សាវរ៉ុតថាវរី និងស្វាមី ចំពោះមរណភាពលោកស្រី ជុំ សរ សាវរ៉ុត ដែលត្រូវជាម្តាយ

06-07-2026 19:16

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតរំលែកមរណទុក្ខ ផ្ញើជូនលោកស្រី យឹម សាវរ៉ុតថាវរី និងស្វាមី ចំពោះមរណភាពរបស់ លោកជំទាវ ជុំ សរ សាវរ៉ុត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវជាម្តាយរបស់លោកស្រី និងម្តាយក្មេក នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ក្នុងជន្មាយុ៩២ឆ្នាំ ដោយជរាពាធ។

ក្នុងសារលិខិតរំលែកមរណទុក្ខ បានសរសេរថា «ខ្ញុំពិតជាមានសេចក្តីក្រៀមក្រំ និងសោកស្តាយជាពន់ពេក ចំពោះមរណភាពរបស់ លោកជំទាវ ជុំ សរ សាវរ៉ុត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវជាម្តាយ របស់លោកស្រី និងម្តាយក្មេក នៅថ្ងៃអាទិត្យ ៦រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ នៅសាធារណរដ្ឋបារាំង។

ក្នុងវេលាដ៏សែនសោកសង្រេង និងពោរពេញដោយសេចក្តីអាឡោះអាល័យបំផុតនេះ ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយលោកស្រី និងក្រុមគ្រួសារ ចំពោះការបាត់បង់ម្តាយ ម្តាយក្មេក និងជីដូន ដែលប្រកបទៅដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃមួយរូប និងជាកុលធីតាស្នេហាជាតិ មាតុភូមិដ៏ឧត្តុង្គ ឧត្តមនៃព្រះរាជាណាចក្រកម្ពុជា និងប្រជារាស្ត្រកម្ពុជា និងបានចូលរួម យ៉ាងសកម្មអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ក្នុងបុព្វហេតុបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងបាន បម្រើយ៉ាងខ្ជាប់ខ្ជួន មោះមុត ស្មោះត្រង់ ថ្វាយ ព្រះករុណា ព្រះបរមរតនកោដ្ឋជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត និង ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ខ្ញុំសូមឧទ្ទិសកុសល និងបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវ ជុំ សរ សាវរ៉ុត ទទួលបាន នូវភាពត្រជាក់ត្រជំនៃតេជះបារមីព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងឆាប់បានចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»