FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ផ្ញើសាររំលែកទុក្ខជូនឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចំពោះមរណភាពឧបាសិកា នេត សុគន្ធ ត្រូវជាបងស្រីបង្កើត

06-07-2026 18:57

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ​ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ មានសេចក្តីក្តុកក្តួល រន្ធត់ចិត្ត និងសោកស្តាយឥតឧបមាជាទីបំផុត បន្ទាប់ពីបានទទួលដំណឹងដ៏ក្រៀមក្រំថា ឧបាសិកា នេត សុគន្ធ ត្រូវជាបងស្រីបង្កើត ជាទីគោរពស្រឡាញ់របស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានទទួលមរណភាព នៅវេលាម៉ោង១៣៖៥៧នាទី ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ដោយរោគាពាធ ក្នុងជន្មាយុ៧៨ឆ្នាំ។

ក្នុងលិខិតរំលែកទុក្ខ បានសរសេរថា «ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន មានសេចក្ដីក្ដុកក្ដួល រន្ធត់តក់ស្លុត និងសោកស្តាយជាអនេក ដោយទទួលដំណឹងថា មហាឧបាសិកា នេត សុគន្ធ ត្រូវជាបងស្រីរបស់ ឯកឧត្តមសន្តិបណ្ឌិត បានទទួលមរណភាព កាលពីថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៣៖៥៧នាទីរសៀល ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាដែលពោរពេញដោយសមានទុក្ខនិងសេចក្តីសោកសង្រេងនេះ ខ្ញុំបាទសូមចូលរួមរំលែកទុក្ខដ៏ ក្រៀមក្រំបំផុតជាមួយ ឯកឧត្តមសន្តិបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដោយ សេចក្តីស្រណោះអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះការបាត់បង់ដ៏ធំធេងនូវបងស្រីបង្កើត ម្តាយ ម្តាយក្មេក ជីដូន និងជីទួតជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌របស់កូនប្រុសស្រី បងប្អូន ចៅ ចៅទួត និងក្រុមគ្រួសារ ព្រមទាំងជាការបាត់បង់នូវពុទ្ធសាសនិកដ៏ឆ្នើមមួយរូប ដែលបានលះបង់ កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រក្នុងឆន្ទៈមនសិការបម្រើឧត្តមប្រយោជន៍ ជាតិមាតុភូមិនាពេលកន្លងមកនេះ។

ខ្ញុំបាទសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ មហាឧបាសិកា នេត សុគន្ធ សូមឆាប់ បានយោនយកកំណើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូម ឯកឧត្តមសន្តិបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ មេត្តាទទួលនូវ មនោសញ្ចេតនាចែករំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតពីខ្ញុំបាទ»៕