លោកអ្នកឧកញ៉ា លី ហួរ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩
13-04-2026 12:46
(ភ្នំពេញ)៖ លោកអ្នកឧកញ៉ា លី ហួរ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាទាំងអស់ សូមផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងលោកជំទាវ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩។
សារលិខិតរបស់លោកអ្នកឧកញ៉ា លី ហួរ មានខ្លឹមសារដូច្នេះថា៖ « ឯកឧត្តមនាយឧត្តមសេនីយ៍ជាទីគោរពដ៏ខ្ពង់ខ្ពស់! ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦ ខ្ញុំបាទ និងភរិយា ព្រមទាំង ថ្នាក់ដឹកនាំ សមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅ ឋានកម្ពុជាទាំងអស់ សូមសម្ដែងនូវមនោសញ្ចេតនា អបអរសាទរ គោរពជូនចំពោះ ឯកឧត្ដមនាយឧត្ដមសេនីយ៍ និង លោកជំទាវ សូមបានប្រកបនូវសុខភាពបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំកងរាជអាវុធហត្ថ ក៏ដូច ជាប្រទេសជាតិឲ្យមានការរីកចម្រើន។
យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវសេចក្តីសោមនស្សរីករាយ និងកោតសរសើរដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះ ឯកឧត្ដមនាយឧត្ដមសេនីយ៍ នូវការខិតខំប្រឹងប្រែងហ៊ានពលិកម្មគ្រប់បែបយ៉ាង ដើម្បីបម្រើប្រទេសជាតិ សាសនា ព្រះមហាក្សត្រ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍប្រទេសឲ្យសម្បូរសប្បាយរុងរឿងដោយមិនខ្លាចនឿយហត់។ ក្រោមការដឹកនាំ និងការតស៊ូរបស់ ឯកឧត្តម បានពង្រឹងកិច្ចការពារសន្តិសុខជូនប្រជាពលរដ្ឋដែលធ្វើឲ្យប្រទេសជាតិ មានភាពរឹងមាំ និងសុខសន្តិភាព។ យើងខ្ញុំទាំងអស់គ្នាពិតជាមិនអាចបំភ្លេចបានឡើយ នូវទឹកចិត្តស្នេហាជាតិដ៏មោះមុតរបស់ ឯកឧត្តម ដែលញ៉ាំងឲ្យយើងខ្ញុំមានសេចក្ដីសោមនស្សរីករាយ និងមានសេចក្តីសង្ឃឹម ជំនឿទុកចិត្តជាប់ជានិច្ច លើការ ដឹកនាំរបស់ ឯកឧត្តម គ្រប់កាលៈទេសៈ។
ជាថ្មីនៃឱកាសដ៏មហាថ្លៃថ្លានេះ ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃសមាគមអ្នកអភិវឌ្ឍន៍ លំនៅឋានកម្ពុជាទាំងអស់ សូមគោរពជូនពរ ឯកឧត្ដមនាយឧត្ដមសេនីយ៍ និង លោកជំទាវ ព្រមទាំង បុត្រា-បុត្រី ចៅប្រុស-ចៅស្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

