FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី

13-04-2026 11:45

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានផ្ញើសារលិខិតគោរពជូនពរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី។

ក្នុងឱកាសដ៏មហាសិរីមង្គលថ្លៃថ្លា ពោរពេញដោយក្តីអភិរម្យសោមនស្សរីករាយអបអរសាទរ ក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ.ស.២០២៦ ខាងមុខនេះ ខ្ញុំបាទ និង ភរិយា សូមបួងសួងពី អល់ឡោះជាម្ចាស់ មេត្តាប្រោសប្រទានពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហា ប្រសើរជូនចំពោះ សម្តេចធិបតី និង លោកជំទាវបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំង មាំមួន អាយុយឺនយូរ បញ្ញាញាណវាងវៃ ដើម្បីបន្តដឹកនាំប្រទេសជាតិជាទីស្រលាញ់របស់យើងឱ្យកាន់តែរីក ចម្រើនដោយឥតឈប់ឈររហូតតទៅ។

ឆ្លៀតឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំបាទ និងភរិយា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត មិនអាចកាត់ថ្លៃបានជូនចំពោះ សម្តេចធិបតី បានខិតខំប្រឹងប្រែងលះបង់អស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី មិនខ្លាចនឿយហត់ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជាពលរដ្ឋទាំងមូលទទួលបាននូវការរស់ នៅក្នុងម្លប់សន្តិភាពបង្កើតបាននូវសុខដុមបនីយកម្មគ្មានការរើសអើង ប្រកាន់ជាតិសាសន៍ និងសាសនា។

ជាថ្មីម្តងទៀត ខ្ញុំបាទ និងភរិយា សូមបួងសួងពី អល់ឡោះជាម្ចាស់ មេត្តាប្រទានពរជ័យជូន សម្តេច ធិបតី និង លោកជំទាវបណ្ឌិត ព្រមទាំង បុត្រា បុត្រី ជាទីស្រលាញ់ សូមទទួលបាននូវសុខភាពល្អ បរិបូរណ៍ អាយុយឺនយូរ កម្លាំងពលំមាំមួនជារៀងរហូតតទៅកុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោក ជំទាវបណ្ឌិត មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ និងភរិយា៕