សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ផ្ញើសារលិខិតជូនពរ ឯកឧត្តមបណ្ឌិត ជីវ កេង ក្នុងឱកាសចម្រើនជន្មាយុ
27-03-2026 15:22
(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារលិខិតជូនពរ ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល នៃកម្ពុជា នាឱកាសដ៏មហាមង្គលាភិរម្យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ នៃពិធីចម្រើនជន្មាយុរបស់ ឯកឧត្តមបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ខាងមុខនេះ។
តាមរយៈសារលិខិត សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានរៀបរាប់យ៉ាងដូច្នេះថា៖ «តាងនាមរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ព្រមជាមួយអំណរសាទរ និងសូមប្រសិទ្ធពរជ័យ សិរីមង្គល មហាប្រសើរជូនចំពោះ ឯកឧត្តមបណ្ឌិត សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញា ញាណភ្លឺថ្លា និងជន្មាយុយឺនយូរតរៀងទៅ»។
ឆ្លៀតក្នុងវរោកាសដ៏វិសេសវិសាលថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការកោតសរសើរដោយ ស្មោះអស់ពីដួងចិត្តចំពោះស្នាដៃដ៏ធំធេងរបស់ ឯកឧត្តមបណ្ឌិត ដែលបានដឹកនាំតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រព័ន្ធយុត្តិធម៌ ក្នុង ការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការការពារសិទ្ធិមនុស្ស ឯករាជ្យភាព តម្លាភាព សុចរិតភាព និងអព្យាក្រឹតភាពក្នុងប្រព័ន្ធតុលាការ។ ជាងនេះទៅទៀត ឯកឧត្តមបណ្ឌិត បានបំពេញបេសកកម្មយ៉ាង សំខាន់ក្នុងការចូលរួមការពារឯករាជ្យភាពរបស់ចៅក្រមក្នុងការបំពេញមុខងារ ការធានាឱ្យមានយុត្តិធម៌ និង សមភាព សម្រាប់បុគ្គលគ្រប់រូបចំពោះមុខច្បាប់ ការធានាការប្រព្រឹត្តទៅរបស់អង្គតុលាការ និងកិច្ចដឹកនាំ គ្រប់គ្រងវិស័យយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា សំដៅចូលរួមចំណែកជាប្រយោជន៍សាធារណៈដ៏ធំធេង សម្រាប់សង្គមជាតិ និងប្រជាជនកម្ពុជា។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ គ្រប់ប្រការជូនចំពោះ ឯកឧត្តមបណ្ឌិត និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

