ឯកឧត្តមបណ្ឌិត ជីវ កេង ចេញសារលិខិតជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ២០២៦
07-03-2026 21:29
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងតំណាងមន្ដ្រីតុលាការទូទាំងប្រទេស បានចេញសារលិខិតជូនពរ គោរពជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស ប្រកបដោយសិរីសួស្តី បវរថ្លៃថ្លាមហាប្រសើរនៃការរំលឹកខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ខាងមុខនេះ។
នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស ប្រកបដោយសិរីសួស្តី បវរថ្លៃថ្លាមហាប្រសើរនៃការរំលឹកខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ខាងមុខនេះ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» យើងខ្ញុំជាថ្នាក់ដឹកនាំ ចៅក្រម ក្រឡាបញ្ជី និងមន្ត្រីរាជការទាំងអស់នៃតុលាការគ្រប់ជាន់ថ្នាក់នៅក្នុងព្រះរាជាណាចក្រ-កម្ពុជា សូមសម្តែងនូវគារវកិច្ចប្រកបដោយភក្តីភាព និងសូមជូនពរបវរមហាប្រសើរថ្លៃថ្លាចំពោះ ជូនពរបវរមហាប្រសើរថ្លៃថ្លាចំពោះ លោកជំទាវបណ្ឌិត ។
នាទិវាដ៏ឧត្តុង្គឧត្តមជាសកលនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការគោរពកោតសរសើរដោយស្មោះ ចំពោះ គំរូវីរភាពដ៏គួរឱ្យស្ញប់ស្ញែងរបស់ លោកជំទាវបណ្ឌិត ចំពោះការបំពេញតួនាទីជា ស្ត្រីទីមួយ នៃព្រះរាជាណាចក្រ កម្ពុជាបានយ៉ាងល្អប្រពៃ។ ពលិកម្មដ៏ធំធេងរបស់ លោកជំទាវបណ្ឌិត ក្នុងការជួយសង្គ្រោះ អាយុជីវិតរបស់ ប្រជាពលរដ្ឋគ្រប់រូបឱ្យរួចចាកផុតពីជំងឺដ៏កាចសាហាវ បានសបញ្ជាក់អំពីគំរូវីរភាពដ៏អង់អាច និងស្វាមីភក្តិចំពោះ ជាតិមាតុភូមិ និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា។
បន្ថែមពីនេះ ក្នុងតួនាទីជាថ្នាក់ដឹកនាំនៃសមាគម កាយឫទ្ធិនារីកម្ពុជា លោកជំទាវបណ្ឌិត បានចូលរួមចំណែកយ៉ាងធំធេងដល់ការលើកកម្ពស់គុណតម្លៃ សីលធម៌ សេចក្តីថ្លៃថ្នូរ ភាពអង់អាច និងតួនាទីរបស់ស្ត្រីនៅក្នុងសង្គម ព្រមទាំងបានផ្តល់ឱកាសដល់ស្ត្រីក្នុងការចូលរួមអភិវឌ្ឍ ប្រទេសជាតិប្រកបដោយបរិយាបន្ន។
ជាមួយគ្នានេះ លោកជំទាវបណ្ឌិត មិនត្រឹមតែជានិច្ចកាលចូលរួមអម ដំណើរលើកទឹកចិត្ត និងគាំទ្រ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការដឹកនាំ នាវាកម្ពុជាឱ្យសម្រេចបាននូវ ជោគជ័យថ្មីៗ និងមានការអភិវឌ្ឍដ៏ត្រចះត្រចង់ប៉ុណ្ណោះទេ ប៉ុន្តែលោកជំទាវបណ្ឌិត ថែមទាំងជាឧត្តមភរិយា ជាមាតា ដែលប្រកបដោយព្រហ្មវិហារធម៌ ចរិយាធម៌ និងជាថ្នាក់ដឹកនាំស្ត្រីទី១ ដ៏ឆ្នើមដែលប្រកបទៅដោយគុណធម៌ និងជាគំរូវីរភាពដ៏ថ្លៃថ្លាសម្រាប់ស្ត្រីកម្ពុជាផងដែរ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណមបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោកសូមតាមជួយថែរក្សា ការពារ និងប្រោះព្រំ ប្រទានពរជ័យបវរសួស្តី ជ័យមង្គលនិងវិបុលសុខគ្រប់ប្រការជូនចំពោះ លោកជំទាវបណ្ឌិត និង សម្តេចធិបតី នាយករដ្ឋមន្ត្រី ព្រមទាំងបុត្រធីតា សូមបានប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម លោកជំទាវបណ្ឌិត មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំទាំងអស់គ្នា៕
