ឯកឧត្តម យឹម ឆៃលី ផ្ញើសារជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសចម្រើនជន្មាយុ
15-08-2025 10:32
(ភ្នំពេញ)៖ ឯកឧត្តម យឹម ឆៃលី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានផ្ញើសារជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសជ័យមង្គល នៃខួបកំណើតរបស់សម្តេចកិត្តិសង្គបណ្ឌិត គម្រប់៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ នាថ្ងៃសុក្រ ៦រោច ខែស្រាពណ៍ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។
ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលជាថ្នាក់ដឹកនាំស្ត្រីមួយរូបពោរពេញទៅដោយគុណធម៌ និងគំរូវីរភាពដ៏ប្រពៃ ដែលបានយកអស់កម្លាំង កាយចិត្ត ប្រាជ្ញា ស្មារតី ក្នុងការរួមចំណែកដ៏ធំធេងក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ ជាពិសេស តែងតែខិតខំ ប្រឹងប្រែងលើកស្ទួយសិទ្ធិនារី ការពារអត្តសញ្ញាណជាតិ ប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ជាតិដ៏ល្អផូរផង់ និងបានចូលរួមគ្រប់សកម្មភាពក្នុងទិសដៅបម្រើឧត្តមប្រយោជន៍សុខសន្តិភាព ស្ថិរភាព ភាពចម្រុងចម្រើនន ប្រទេសជាតិ និងសុខុមាលភាពប្រជាជន។
នាឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សាប្រទាន ពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនដល់ សម្ដេចកិត្តិសង្គហបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រី សូមសមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

