ក្រសួងទេសចរណ៍ ចេញផ្សាយជាផ្លូវការ «ទស្សនាវដ្តីទេសចរណ៍កម្ពុជា» ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក
29-11-2026 08:17
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានចេញផ្សាយជាផ្លូវការ «ទស្សនាវដ្តីទេសចរណ៍កម្ពុជា» ដែលជាវេទិកាជាតិផ្លូវការសម្រាប់ផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងតភ្ជាប់ព្រះរាជាណាចក្រកម្ពុជាទៅកាន់ពិភពលោក តាមរយៈការរៀបចំមាតិកាបែបនិទានកថា (Storytelling) រួមផ្សំជាមួយរូបភាពដ៏ស្រស់ស្អាតនៃធម្មជាតិ ប្រពៃណី ទំនៀមទម្លាប់ គោលដៅទេសចរណ៍ថ្មីៗ និងការរចនាប្រកបដោយវិជ្ជាជីវៈ ស្របតាមស្តង់ដាអន្តរជាតិ និងរក្សាបាននូវអត្តសញ្ញាណជាតិ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ទស្សនាវដ្តីនេះមានចក្ខុវិស័យក្នុងការលើកកម្ពស់កិត្តិនាមកម្ពុជា ឱ្យក្លាយជាគោលដៅទេសចរណ៍ឈានមុខគេមួយក្នុងតំបន់ ព្រមទាំងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។
ទន្ទឹមនឹងនេះ ទស្សនាវដ្តីមានបេសកកម្មបង្ហាញពីភាពសម្បូរបែបនៃវិស័យទេសចរណ៍កម្ពុជា ឱ្យលើសពីតំបន់ប្រាសាទអង្គរវត្ត តាមរយៈការបង្ហាញគោលដៅទេសចរណ៍ដ៏ទាក់ទាញដែលមិនធ្លាប់ត្រូវបានផ្សព្វផ្សាយទូលំទូលាយពីមុនមក រួមមាន សម្រស់ធម្មជាតិ វប្បធម៌ដ៏រស់រវើក ម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ សហគមន៍ប្រកបដោយភាពសុខដុមរមនា បទពិសោធទេសចរណ៍ជាក់ស្តែង ព្រមទាំងការអភិវឌ្ឍទេសចរណ៍បៃតង ប្រកបដោយចីរភាព និងបរិយាបន្ន។
ជាមួយគ្នានេះ ទស្សនាវដ្តីទេសចរណ៍កម្ពុជា នឹងដើរតួជាឯកអគ្គរដ្ឋទូតផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ដោយបង្ហាញពីអត្តសញ្ញាណជាតិ វប្បធម៌នៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និង «ស្នាមញញឹមខ្មែរ» តាមរយៈការនិទានកថាដ៏ទាក់ទាញ និងការរៀបរាប់យ៉ាងរស់រវើក ដែលអាចឱ្យអ្នកអានស្រមៃឃើញពីទេសភាពដ៏ស្រស់ស្អាត និងជំរុញឱ្យមានការស្វែងយល់ពីកម្ពុជាកាន់តែស៊ីជម្រៅ។
ក្រសួងទេសចរណ៍ អំពាវនាវដល់សាធារណជនទាំងអស់ចូលរួមគាំទ្រ និងផ្សព្វផ្សាយ «ទស្សនាវដ្តីទេសចរណ៍កម្ពុជា» ឱ្យបានទូលំទូលាយ ដែលនឹងត្រូវបោះផ្សាយជារៀងរាល់ត្រីមាសម្តង ដើម្បីរួមចំណែកលើកកម្ពស់កិត្តិនាម និងសក្តានុពលទេសចរណ៍កម្ពុជាលើឆាកអន្តរជាតិ៕









