មេដឹកនាំ CLMV ប្តេជ្ញារួមគ្នាប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ, សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវប្រែក្លាយព្រំដែនជាស្ពានតភ្ជាប់ (Video inside)
29-11-2026 00:11
(ភ្នំពេញ)៖ មេដឹកនាំនៃប្រទេសសមាជិកកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) បានសម្រេចអនុម័តសេចក្តីថ្លែងការណ៍រួមមួយ ដោយប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ជាពិសេសការរួមគ្នាប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ ខណៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យប្រទេសសមាជិករួមគ្នាប្រែក្លាយព្រំដែនឱ្យទៅជាស្ពាននៃការតភ្ជាប់ និងកាលានុវត្តភាព។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាយប់ថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ត្រឡប់មកដល់មាតុប្រទេសវិញប្រកបដោយសុវត្ថិភាព ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា សារដ៏សំខាន់មួយក្នុងចំណោមសារគន្លឹះទាំង ៣ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅទីក្រុងហាណូយ គឺតម្រូវការនៃការប្រែក្លាយព្រំដែនឱ្យទៅជាស្ពាន។
នៅលើវេទិកាកិច្ចប្រជុំកំពូលពេញអង្គ CLMV លើកទី១២ ដែលប្រព្រឹត្តទៅក្រោមមូលបទ «ការតភ្ជាប់តំបន់ CLMV ការទាញយកសក្តានុពល - ការកសាងអនាគតប្រកបដោយវិបុលភាព» សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖ «យើងត្រូវរួមគ្នា ប្រែក្លាយព្រំដែនរបស់យើង ឱ្យទៅជាស្ពាននៃការតភ្ជាប់ សម្រាប់កិច្ចសហប្រតិបត្តិការ និងកាលានុវត្តភាព ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាព ប្រកបដោយនិរន្តរភាព»។
ជាលទ្ធផលនៃកិច្ចប្រជុំកំពូលនេះ មេដឹកនាំនៃប្រទេសសមាជិកទាំង ៤ រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម បានសម្រេចអនុម័តសេចក្តីថ្លែងការណ៍រួមមួយ ដោយកំណត់យក «ការតភ្ជាប់» ជាអាទិភាពទីមួយសម្រាប់អាណត្តិឆ្នាំ២០២៧-២០២៨ ព្រមទាំងបានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន ហេដ្ឋារចនាសម្ព័ន្ធ ព្រំដែន ថាមពល កសិកម្ម ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងវិស័យសន្តិសុខ ជាអាទិ៍តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ។
គួរកត់សម្គាល់ផងដែរថា បញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬប្រព័ន្ធអនឡាញ គឺជាឧក្រិដ្ឋកម្មឆ្លងដែនដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់បង្ក្រាបយ៉ាងម៉ឺងម៉ាត់ និងតែងតែជំរុញឱ្យមានកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងតំបន់ និងអន្តរជាតិ តួយ៉ាងកម្ពុជាទើបតែបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ (ICCOS 2026) នៅរាជធានីភ្នំពេញ កាលពីខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ ដោយបានអនុម័ត «សេចក្តីប្រកាសទីក្រុងភ្នំពេញ» ផងដែរ៕



















