កម្ពុជាប្រកាសអាទិភាព ៤ ចំណុច សម្រាប់អាណត្តិជាប្រធាន CLMV ឆ្នាំ២០២៧-២០២៨ និងត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលលើកទី១៣ (Video inside)
29-11-2026 00:03
(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ចេញនូវវិស័យអាទិភាពសំខាន់ៗចំនួន ៤ សម្រាប់ការបំពេញតួនាទីជាប្រធានកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) ក្នុងអាណត្តិឆ្នាំ២០២៧-២០២៨ និងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល CLMV លើកទី១៣ នៅឆ្នាំ២០២៨ ខាងមុខនេះ ដោយផ្តោតលើការរួបរួមគ្នា ដើម្បីសម្រេចបានលទ្ធផលជាក់ស្តែង និងអាចវាស់វែងបាន។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាយប់ថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ត្រឡប់មកដល់មាតុប្រទេសវិញប្រកបដោយសុវត្ថិភាព លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងពិធីទទួលតំណែងជាប្រធាន CLMV បន្តពីប្រទេសវៀតណាម នៅទីក្រុងហាណូយ សម្តេចធិបតីបានបញ្ជាក់ថា ចំណុចខ្លាំងរបស់ CLMV គឺស្ថិតនៅលើការរួបរួមគ្នា។
ក្នុងនាមជាប្រធាន CLMV សម្រាប់អាណត្តិឆ្នាំ២០២៧-២០២៨ កម្ពុជានឹងផ្តោតការយកចិត្តទុកដាក់លើអាទិភាពសំខាន់ៗចំនួន ៤ រួមមាន៖
* ទី១. ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ឌីជីថល និងប្រព័ន្ធភស្តុភារកម្ម
* ទី២. ធនធានមនុស្ស និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន
* ទី៣. សមាហរណកម្មសេដ្ឋកិច្ច
* ទី៤. សន្តិភាព សន្តិសុខ និងភាពធន់
បន្ថែមពីលើអាទិភាពទាំង ៤ ខាងលើ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជានឹងជំរុញឱ្យមានការចូលរួមកាន់តែសកម្មពីសំណាក់វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ សំដៅធ្វើឱ្យកិច្ចសហប្រតិបត្តិការ CLMV មានលក្ខណៈបរិយាបន្ន និងចីរភាព ព្រមទាំងនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាពលរដ្ឋនៃប្រទេសសមាជិកទាំងបួន។
គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូល CLMV លើកទី១២ នៅទីក្រុងហាណូយ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ មេដឹកនាំនៃប្រទេសសមាជិកទាំង ៤ (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម) ក៏បានសម្រេចអនុម័តសេចក្តីថ្លែងការណ៍រួមមួយ ដោយកំណត់យក «ការតភ្ជាប់» ជាអាទិភាពទីមួយសម្រាប់អាណត្តិឆ្នាំ២០២៧-២០២៨ ព្រមទាំងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ព្រំដែន ថាមពល កសិកម្ម ការផ្លាស់ប្តូររវាងប្រជាជន និងសន្តិសុខ ជាពិសេសការរួមគ្នាប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ៕



















