សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូមកដល់កម្ពុជាវិញ ដោយនាំយកមក ជាមួយនូវតំណែងប្រធាន CLMV

28-11-2026 23:16

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់​ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយនៅវេលាម៉ោង ១១យប់ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយនាំមកជាមួយនូវតំណែងប្រធានកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-​មីយ៉ាន់​ម៉ា និងវៀតណាម (CLMV) សម្រាប់អាណត្តិឆ្នាំ២០២៧-២០២៨។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូទៅកាន់ទីក្រុងហាណូយ ប្រទេស​វៀតណាម កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ម្សិលមិញនេះ។ ដំណើរអញ្ជើញទៅកាន់ប្រទេសវៀត​ណាមនាពេលនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលចំនួនពីររួមមាន៖ កិច្ចប្រជុំកំពូលយុទ្ធ​សាស្ត្រ​កិច្ច​សហ​ប្រតិ​បត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១១ និងកិច្ច​ប្រជុំ​​កំពូល​សហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២។ កិច្ចប្រជុំកំពូល​ទាំង​ពីរ​នេះ ជាជំនួបដ៏សំខាន់រវាងមេដឹកនាំប្រទេសមានព្រំដែនជាប់គ្នាចំនួន៥ រួមមានកម្ពុជា ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ា។

កិច្ចប្រជុំកំពូលទាំងពីរបានប្រព្រឹត្តទៅពេញមួយថ្ងៃទី២៨ ខែវិច្ឆិកានេះ ដោយមានការអញ្ជើញ​ចូលរួម​ពីមេដឹកនាំប្រទេសទាំង៥ ហើយក៏មានការអញ្ជើញចូលរួមពីប្រទេសដៃគូ អគ្គលេខាធិការអាស៊ាន និងអ្នកធ្វើធុរកិច្ច។

កិច្ចប្រជុំបានផ្តោតសំខាន់លើការពង្រឹងការតភ្ជាប់សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ខ្សែច្រវាក់ផ្គត់ផ្គង់ ការ​អភិ​វឌ្ឍ​ឆ្លាតវៃ និងប្រកបដោយចីរភាព ព្រមទាំងការបង្រួមគម្លាតអភិវឌ្ឍន៍ក្នុងអនុតំបន់មេគង្គ។ ថ្នាក់​​ដឹក​នាំ​បាន​ឯកភាពគ្នាលើចក្ខុវិស័យសហប្រតិបត្តិការដល់ឆ្នាំ២០៣០ និងកំណត់បញ្ជី​គម្រោង​អាទិភាព ដើម្បីជំរុញពាណិជ្ជកម្ម ការវិនិយោគ និងការកាត់បន្ថយថ្លៃដើមដឹកជញ្ជូនឆ្លងកាត់ព្រំដែន។

ក្រៅពីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលខាងលើហើយនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏មានជំនួបជាមួយលោក ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីវៀតណាម លោក មីន អោងឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា លោក តូ ឡឹម ប្រមុខរដ្ឋវៀតណាម និងលោក សាលើមសៃ គំម៉ាស៊ីត នាយករដ្ឋមន្ត្រីឡាវ។

ជំនួបទ្វេភាគីនេះ បានជជែកផ្តោតជាសំខាន់ទៅលើការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មរវាងគ្នា៕