តំបន់ថ្មើរជើងផ្សាររាត្រី! អាជ្ញាធរអេដស៍ និងអង្គការ AHF រៀបចំការសម្តែងសិល្បៈ ចែកស្រោមអនាម័យ និងធ្វើតេស្តរកមេរោគដោយឥតគិតថ្លៃ
28-11-2026 20:51
(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៦ ដែលបានរៀបចំឡើងនៅកម្ពុជា ក្រោមប្រធានបទសកលថា «ការបញ្ចប់ជំងឺអេដស៍ ចាប់ផ្តើមពីការទទួលបានសេវា» អាជ្ញាធរអេដស៍ និងអង្គការមូលនិធិថែទាំងសុខភាពអ្នកជំងឺអេដស៍កម្ពុជា (AHF) នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានរៀបចំព្រឹត្តិការណ៍អបអរសាទរ ដោយមានការសម្តែងសិល្បៈ ការចែកស្រោមអនាម័យ ការសួរ ឆ្លើយទទួលរង្វាន់ និងការធ្វើតេស្តរកមេរោគដោយឥតគិតថ្លៃ នៅតំបន់ថ្មើរជើងនៃផ្សាររាត្រី តាមបណ្តោយមាត់ទន្លេព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។
សកម្មភាពនេះបានធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងលោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានគ្រប់គ្រងកម្មវិធីប្រចាំកម្ពុជាអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រួមទាំងមានអ្នកពាក់ព័ន្ធជាច្រើនទៀត។
តាមរយៈសកម្មភាពនានាសម្រាប់ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍រួមមាន៖ យុទ្ធនាការជួបជុំ ការសម្តែងសិល្បៈ អង្គការ AHF បានអំពាវនាវដល់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ (NAA) ភាគីពាក់ព័ន្ធផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា និងថ្នាក់ដឹកនាំនានាជុំវិញពិភពលោក ឱ្យពង្រឹងការប្តេជ្ញាចិត្តឡើងវិញក្នុងការឆ្លើយតបនឹងមេរោគអេដស៍។ ការប្តេជ្ញាចិត្តនេះរួមមាន៖ ការពង្រីកលទ្ធភាពទទួលបាន សេវាបង្ការ ការធ្វើតេស្ត និងការព្យាបាល, ការពង្រឹងការបន្តទទួលសេវាថែទាំ, និងការដាក់ឱ្យយុទ្ធសាស្ត្រ «ការព្យាបាលជាវិធានការបង្ការ» ជាអាទិភាពចម្បង។
ទោះបីជាមានវឌ្ឍនភាពជាច្រើនទសវត្សរ៍កន្លងមកនេះក៏ដោយ ក៏នៅឆ្នាំ២០២៥ មានមនុស្សប្រមាណ ១,២លាននាក់បានឆ្លងមេរោគអេដស៍ ហើយមនុស្ស ៥៧០,០០០នាក់បានស្លាប់ដោយសារមូលហេតុពាក់ព័ន្ធនឹងជំងឺអេដស៍។ ក្នុងចំណោមមនុស្សប្រមាណ ៤១លាននាក់ដែលកំពុងរស់នៅជាមួយមេរោគអេដស៍ទូទាំងពិភពលោក មានប្រហែល ៥លាននាក់មិនទាន់បានដឹងថា ខ្លួនមានមេរោគនេះ (មិនទាន់បានធ្វើតេស្តរកឃើញ) ហើយជាង ៩លាននាក់ទៀតមិនបានទទួលការព្យាបាល។
លើសពីនេះមនុស្សប្រមាណ ១០,៦លាននាក់ មិនអាចទប់ស្កាត់មេរោគក្នុងខ្លួនឱ្យស្ថិតក្នុងកម្រិតទាប (Viral Suppression) បានទេ។ ចំណុចនេះសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តទទួលការព្យាបាល និងការរក្សាកម្រិតមេរោគឱ្យនៅទាប ដែលជាកត្តាជួយការពារការចម្លងមេរោគអេដស៍តាមរយៈការរួមភេទ។
លោកវេជ្ជបណ្ឌិត ចន ផាន់ណា បានបញ្ជាក់ឱ្យដឹងថា កម្ពុជាបានសម្រេចលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការទប់ស្កាត់មេរោគ (viral suppression) ខណៈដែលប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី បង់ក្លាដែស និងឡាវ កំពុងប្រឈមមុខនឹងគម្លាតដ៏ធំនៅក្នុងការគ្របដណ្តប់លើការព្យាបាល និងការទប់ស្កាត់មេរោគក្នុងឈាម។ លើសពីនេះប្រទេសឥណ្ឌា និងចិន ក៏មានចំនួនមនុស្សយ៉ាងច្រើនដែលមិនទាន់អាចទប់ស្កាត់មេរោគបាននៅឡើយ។
ភាពខុសគ្នាទាំងនេះទាមទារឱ្យមានការយកចិត្តទុកដាក់ជាបន្ទាន់ ហើយបញ្ជាក់ឱ្យឃើញថា ជំងឺអេដស៍/មេរោគអេដស៍ មិនទាន់បញ្ចប់នៅឡើយទេ។ ក្នុងនាមអង្គការ AHF សូមអំពាវនាវដល់រដ្ឋាភិបាលនានា ឱ្យដោះស្រាយគម្លាតនៃការព្យាបាល ពង្រីកលទ្ធភាពទទួលបានការធ្វើតេស្តរកមេរោគអេដស៍និង ស្រោមអនាម័យ ព្រមទាំងធានាថាការព្យាបាលមេរោគអេដស៍នៅតែអាចទទួលបាន មានប្រសិទ្ធភាព និងមិនមានការរំខាន»។
នៅក្នុងប្រទេសកម្ពុជា ទោះបីជាកម្ពុជាបានក្លាយជាប្រទេសដំបូងគេនៅអាស៊ីនិង ប៉ាស៊ីហ្វិក ដែលសម្រេចបាននូវគោលដៅ ៩៥-៩៥-៩៥ របស់ UNAIDS ក៏ដោយ ក៏នៅតែមានចន្លោះប្រហោងសំខាន់ៗមួយចំនួន ដែលចន្លោះប្រហោងទាំងនេះរួមមាន ការស្វែងរកមនុស្សប្រមាណ ៤,០០០នាក់ដែលរស់នៅជាមួយមេរោគអេដស៍ ប៉ុន្តែមិនទាន់បានទទួលការធ្វើរោគវិនិច្ឆ័យ និងការធានាឱ្យមានការបន្តទទួលការព្យាបាល ក៏ដូចជាការបង្ការមេរោគអេដស៍ ក្នុងចំណោមក្រុមប្រជាជនគន្លឹះ (ដូចជា បុរសស្រឡាញ់បុរស អ្នកបម្លែងភេទ និងអ្នកធ្វើការក្នុងសេវាកម្សាន្ត)។
ក្រុមទាំងនេះមានចំនួនដល់ទៅ ៨៤% នៃករណីឆ្លងថ្មីចំនួន ៩៥៨ករណី ដែលបានកត់ត្រានៅក្នុងឆ្នាំ ២០២៥ ដើម្បីដោះស្រាយបញ្ហាទាំងនេះ និងសម្រេចបាននូវគោលដៅកាត់បន្ថយករណីឆ្លងថ្មីឱ្យនៅក្រោម ២៥០ ករណីក្នុងមួយឆ្នាំត្រឹមឆ្នាំ ២០៣០ រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធចាំបាច់ត្រូវបង្កើនការផ្តល់មូលនិធិក្នុងស្រុក ដើម្បីជំនួសជំនួយអន្តរជាតិដែលកំពុងថយចុះ ដោយរួមទាំងសេវាថែទាំមេរោគអេដស៍ទៅក្នុងប្រព័ន្ធសុខាភិបាលសាធារណៈទូទៅ និងបន្តសកម្មភាពផ្សព្វផ្សាយដែលដឹកនាំដោយសហគមន៍ ដើម្បីលុបបំបាត់ការមាក់ងាយ និងការរើសអើង៕















