លោក សឹង សំណាង ផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ២០២៧-២០៣២ ជូនសមាជិកបក្សប្រជាជនកម្ពុជាក្នុងស្រុកសូទ្រនិគម
28-11-2026 20:23
(សៀមរាប)៖ គោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ឆ្នាំ២០២៧-២០៣២ ដើម្បីរក្សាសន្តិសុខសណ្តាប់ និងរួមចំណែកលើកកម្ពស់សុខសុវត្ថិភាពប្រជាពលរដ្ឋនៅមូលដ្ឋាននោះ ត្រូវបានរៀបចំដល់សមាជិក សមាជិកាបក្សប្រជាជនកម្ពុជានៅក្នុងសូទ្រនិគម ខេត្តសៀមរាប នៅថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
ពិធីប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត សឹង សំណាង សមាជិកគណ:អចិន្រ្តៃយ៍ នៃគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការ ងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសូទ្រនិគម។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ស្រុក ក្រុមការងារ គណៈកម្មាធិការគណបក្សស្រុកសូទ្រនិគម និងក្រុមការងារ គណៈកម្មាធិការគណបក្សប្រជាជនឃុំទាំង១០ ដែលមានចំនួនសរុប ២៨៩នាក់។
ក្នុងឱកាសនោះ លោកបណ្ឌិត សឹង សំណាង បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលលោកតែងរួមសុខទុក្ខជាមួយពលរដ្ឋគ្រប់រូបនៅគ្រប់កាល:ទេស:។
លោកបណ្ឌិតបានបញ្ជាក់ថា ការផ្សព្វផ្សាយថ្ងៃនេះ ធ្វើឡើងដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍ និងជំរុញឱ្យអាជ្ញាធរយកចិត្តទុកដាក់លើការផ្ដល់សេវាសាធារណៈ ការងារអនាម័យ និងបរិស្ថានការទប់ស្កាត់គ្រោះថ្នាក់សង្គម អំពើអនាចារ ការជួញដូរមនុស្ស ហិង្សាក្នុងគ្រួសារ ក្មេងទំនើង ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ការឆ្លើយតបគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតជាដើម។
គោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ ២០២៧-២០៣២ ស្ថិតក្នុងដំណាក់កាលផ្សព្វផ្សាយ និងរៀបចំសម្រាប់អាណត្តិក្រុមប្រឹក្សាឃុំ-សង្កាត់មានអាណត្តិបន្ទាប់នៅកម្ពុជា។ ជាទូទៅផែនការ និងគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ មានសុពលភាព ៥ឆ្នាំ ដោយកំណត់បញ្ហាប្រឈម តម្រូវការជាអាទិភាព និងយុទ្ធសាស្ត្រឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ផ្អែកលើទិសដៅគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ និងការគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន ការអភិវឌ្ឍឃុំ-សង្កាត់ជាទូទៅផ្តោតលើសន្តិសុខ របៀបរៀបរយ និងសុវត្ថិភាពសង្គម, ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ប្រភពទឹក និងប្រព័ន្ធស្រោចស្រព, សេវារដ្ឋបាល សេវាសុខាភិបាល សេវាអប់រំ និងគាំពារសង្គមនិងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការលើកកម្ពស់ជីវភាព ទេសចរណ៍ និងការគ្រប់គ្រងធនធានធម្មជាតិ។
លោកបណ្ឌិត សឹង សំណាង បានបន្ថែមថា ការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ឃុំ-សង្កាត់ ត្រូវផ្អែកលើគោលការណ៍សំខាន់ៗ មួយចំនួនរួមមាន៖ ការចែករំលែកព័ត៌មាន តម្លាភាព សង្គតិភាព និងសុខដុមនីយកម្ម ការចូលរួមពិគ្រោះយោបល់ជាទូទៅ ការឆ្លើយតបនឹងតម្រូវការ គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ ប្រសិទ្ធភាព និងសុក្រឹតភាពសេដ្ឋកិច្ច និងសង្គម ការធានាចីរភាពធនធានធម្មជាតិ និងបរិស្ថានការធានាសមធម៌។
ការកសាងផែនការអភិវឌ្ឍន៍ឃុំ-សង្កាត់ ត្រូវមានតួអង្គសំខាន់ៗចំនួនបី ចូលរួម និងទទួលខុសត្រូវផ្ទាល់។ តួអង្គទាំង៣ ក្នុងនោះមាន៖
ទី១៖ ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលត្រូវពិនិត្យ និងអនុម័តផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ ដោយធានាឱ្យមានភាពគ្រប់ជ្រុងជ្រោយ និងឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋគ្រប់ក្រុមគោលដៅ ព្រមទាំងពិនិត្យ និងអនុម័តលើរាល់ការធ្វើវិសោធនកម្ម និងតាមដាន និងវាយតម្លៃអំពី សមិទ្ធផលដែលសម្រេចបាន
ទី២៖ មេឃុំ ចៅសង្កាត់ ដែលត្រូវដឹកនាំការប្រមូលទិន្នន័យភូមិ ឃុំ-សង្កាត់ ដឹកនាំការងារកសាងផែនការ អភិវឌ្ឍន៍ឃុំ សង្កាត់ និងដាក់សេចក្តីព្រាងផែនការអភិវឌ្ឍន៍ឃុំ-សង្កាត់ ជូនទៅក្រុមប្រឹក្សា ឃុំ-សង្កាត់ដើម្បីពិនិត្យ និងអនុម័ត ទី៣.គណៈកម្មាធិការកសាងផែនការ និងថវិកាឃុំ សង្កាត់ ដែលជួយមេឃុំ ចៅសង្កាត់ ក្នុងការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ ដោយអនុវត្តតាមបែបបទ នីតិវិធី ដូចមានកំណត់ក្នុងសេចក្តីណែនាំបច្ចេកទេសស្តីពីការរៀបចំ និងការកសាងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់។
លោកបណ្ឌិត សឹង សំណាង បានគូសរំលេចថា ទោះបីកម្ពុជា ប្រឈមវិបត្តិសាកលនានាមានដូចជាសង្គ្រាមនៅមជ្ឈិមបូព៌ា សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន សង្គ្រាមអាមេរិក និងអ៊ីរ៉ង់ ជាពិសេសការឈ្លានពានពីប្រទេសថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាពេលកន្លងមកក្តី ក៏មិនបានរាំងស្ទះដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ របស់គណបក្សប្រជាជនកម្ពុជានោះដែរ។ ផ្ទុយទៅវិញគណបក្សប្រជាជនកម្ពុជា បានដឹកនាំសម្រេចនូវសមិទ្ធិផលធំៗ និងសំខាន់ៗជាច្រើន ដែលបានរួមចំណែកក្នុងការលើកកម្ពស់ជីវភាព សុខមាលភាព និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយភាពធន់បរិយាប័ន្ន និងសមធម៌សង្គមប្រកបដោយជោគជ័យ ។
លោកបណ្ឌិតបានលើកទិសដៅអភិវឌ្ឍន៍ឆ្នាំ២០២៧-២០៣២ ដែលក្រុមការងារគ្រប់ថ្នាក់ អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងរួមគ្នា សម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ទាំងការអភិវឌ្ឍមូលដ្ឋាន និងការងារសតិអារម្មណ៍ របស់ប្រជាពលរដ្ឋ ដើម្បីពង្រឹង និងពង្រីកការជឿជាក់ ព្រមទាំងការគាំទ្រ ក្នុងគោលដៅសម្រេច ឱ្យបាននូវចក្ខុវិស័យ ប្រែក្លាយស្រុកសូទ្រនិគម មានការអភិវឌ្ឍន៍ជឿនលឿន និងជាមូលដ្ឋានគាំទ្រដ៏រឹងមាំ របស់គណបក្សប្រជាជនកម្ពុជា។
លោកបណ្ឌិត សឹង សំណាង ក៏បានណែនាំ និងជំរុញឱ្យគ្រប់ផ្នែកពាក់ព័ន្ធបន្តផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំសង្កាត់ ឆ្នាំ២០២៧-២០៣២ ឱ្យបានទូលំទូលាយ ដើម្បីឱ្យមន្ត្រីគណបក្ស និងអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់បានយល់ច្បាស់ពីគោលដៅ ទិសដៅ និងអាទិភាពនៃការអភិវឌ្ឍ ព្រមទាំងមានការចូលរួមយ៉ាងសកម្មក្នុងការរៀបចំផែនការ និងអនុវត្តការងារឱ្យមានប្រសិទ្ធភាព។
សមិទ្ធផលសំខាន់ៗជាច្រើនដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពជីវិត សុខមាលភាព និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយភាពធន់ បរិយាបន្ត និងសមធម៌សង្គម។
សមិទ្ធផលនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ២០២២–២០២៧) បានបង្ហាញថា ឃុំ សង្កាត់បានក្លាយជារដ្ឋបាលមូលដ្ឋានជួរមុខដែលមានភាពម្ចាស់ការ ធន់មាំ និងការអភិវឌ្ឍមូលដ្ឋាន។
សមិទ្ធផលទាំងនេះ បានរួមចំណែកពង្រឹងលទ្ធិប្រជាធិបតេយ្យមូលដ្ឋាន សិទ្ធសេរីភាពរបស់ប្រជាជន ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្តិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការរស់នៅយ៉ាងសុខសាន្តប្រកបដោយសុខដុមរមនា។
ការលើកកម្ពស់សេវាសាធារណៈ និងការ បានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរ
ជាមួយការពង្រឹង និងពង្រីកប្រព័ន្ធគាំពារសង្គម បានធានាឱ្យគ្រួសារក្រីក្រ និងក្រុមជនងាយរងគ្រោះទទួលបានការគាំទ្រពីកម្មវិធីជំនួយសង្គមប្រកបដោយបរិយាបន្ត និងសមធម៌។
ទន្ទឹមនឹងនេះ ការពង្រឹងគណនេយ្យភាព អភិបាលកិច្ចល្អ នីតិរដ្ឋ និងការទទួលបានយុត្តិធម៌សង្គមបាន រួមចំណែកលើកកម្ពស់សិទ្ធិអំណាច និងការចូលរួមរបស់ប្រជាជនក្នុងដំណើរការនៃការអភិវឌ្ឍ មូលដ្ឋាន និងភាពជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។
បើតាមលោកបណ្ឌិត សឹង សំណាង គោលនយោបាយអាទិភាពទាំង៧ មានដូចខាងក្រោម៖
១៖ ជាឃុំ សង្កាត់ដែលធានាសិទ្ធិ សេរីភាពរបស់ប្រជាជនតាមគន្លងនីតិរដ្ឋ លើកកម្ពស់ ការចូលរួម និងការទទួលបានសេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និង សមធម៌ និងធ្វើឱ្យប្រជាជនបានរស់នៅដោយសុខដុមរមនាក្រោមម្លប់នៃសន្តិភាព។
២៖ ជាឃុំ សង្កាត់ដែលមានសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្តិភាពសាធារណៈល្អប្រសើរ តាមរយៈការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើស គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឱ្យ ប្រជាពលរដ្ឋរស់នៅដោយសុវត្តិភាព និងសុខសាន្ត។
៣៖ ជាឃុំ សង្កាត់ដែលមានអភិបាលកិច្ចល្អ និងស្អាតស្អំក្នុងការអនុវត្តមុខងារ តួនាទី ភារកិច្ច ដើម្បីលើកកម្ពស់ការអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព សំដៅបម្រើផល ប្រយោជន៍ប្រជាជនប្រកបដោយបរិយាបន្ត និងសមធម៌សង្គម។
៤៖ ជាឃុំ សង្កាត់ដែលផ្តល់សេវាសាធារណៈប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព និងសមធម៌ ដោយធានាការអប់រំ និងសុខាភិបាលមានគុណភាព និងងាយស្រួលដល់ ប្រជាពលរដ្ឋ ការស់នៅក្នុងបរិស្ថានស្អាត បៃតង មានសុវត្តិភាព និងធន់នឹងការប្រែប្រួល ធាតុអាកាស។
បន្តផ្តល់ដី និងកម្មសិទ្ធដីជូនគ្រួសារក្រីក្រ ផ្តល់សេវារដ្ឋបាលងាយស្រួល ឆាប់រហ័ស តម្លាភាពតាមច្រកចេញចូលតែមួយ និងប្រព័ន្ធឌីជីថលដោយគ្មានការទារ កម្រៃក្រៅផ្លូវការ និងធានាយុត្តិធម៌សង្គម ជំនួយផ្នែកច្បាប់ និងការពារក្តីដោយឥតគិត ថ្លៃដល់ជនក្រីក្រ និងជនងាយរងគ្រោះ។
៥៖ គ្រប់ឃុំ សង្កាត់មានផ្លូវថ្នល់ល្អ មានអគ្គីសនីយ ទឹកស្អាត និងប្រព័ន្ធទឹកស្រោចស្រព គ្រប់គ្រាន់ និងមានអ៊ីនធើណិតប្រកបដោយគុណភាព ដើម្បីឱ្យប្រជាជនធ្វើដំណើររស់នៅ ប្រកបមុខរបរ និងប្រើប្រាស់សេវាបានកាន់តែងាយស្រួល និងប្រសើរឡើង។
៦៖ ជាឃុំ សង្កាត់មានការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានល្អប្រសើរ ដើម្បីលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជនដោយរដ្ឋ បន្តមិនយកពន្ធលើដីកសិកម្មដែលបង្កបង្កើតផលជា លក្ខណៈគ្រួសារ បង្កើតមុខរបរ និងការងារ អភិវឌ្ឍវិស័យកសិកម្ម ផលិតកម្មផ្សេងៗ និងស្វែងរកទីផ្សារសម្រាប់ផលិតផលនៅមូលដ្ឋាន ផ្ដល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ សមរម្យ រក្សាស្ថិរភាពថ្លៃសៀង និងទំនិញចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃ បន្តផ្តល់ជូន អាជីវករលក់ដូរតាមផ្សាររដ្ឋ និងទីតាំងផ្សារដ្ឋនូវសិទ្ធកាន់កាប់ ប្រើប្រាស់ និងអាស្រ័យ ផលលើតូប រាន ស្តង់លក់ដូរ និងសិទ្ធិផ្ទេរសិទ្ធិទាំងនេះជួនកូនចៅ ឬអ្នកដទៃ និងជម្រុញ ការអភិវឌ្ឍតំបន់ព្រំដែនឱ្យរីកចម្រើន ដើម្បីការពារបូរណភាពទឹកដី អធិបតេយ្យជាតិ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារ ណៈ។
៧៖ ជាឃុំ សង្កាត់ដែលមានប្រព័ន្ធគាំពារសង្គមរឹងមាំ ធានាឱ្យស្ត្រី កុមារ យុវជន ជនមាន ពិការភាព មនុស្សចាស់ ជនជាតិដើមភាគតិច អតីតយុទ្ធជន និវត្តន៍ជន គ្រួសារក្រីក្រ និងក្រុមជនងាយរងគ្រោះទទួលបានសេវា ឱកាស និងទទួលបានអត្ថប្រយោជន៍ពីការ គាំពារសង្គម ដើម្បីលើកកម្ពស់គុណភាពជីវិត ស្របតាមគោលការណ៍ «មិនទុក នរណាម្នាក់ចោល»៕







