កិច្ចប្រជុំកំពូល ACMECS និង CLMV បានបិទបញ្ចប់ នាយករដ្ឋមន្ត្រីវៀតណាម រៀបចំពិធីជប់លៀងជូនមេដឹកនាំប្រទេសសមាជិក
28-11-2026 20:18
(ហាណូយ, វៀតណាម)៖ ប្រជុំកំពូលយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១១ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម បានបិទបញ្ចប់ហើយ។
កិច្ចប្រជុំបានផ្តោតសំខាន់លើការពង្រឹងការតភ្ជាប់សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ខ្សែច្រវាក់ផ្គត់ផ្គង់ ការអភិវឌ្ឍឆ្លាតវៃ និងប្រកបដោយចីរភាព ព្រមទាំងការបង្រួមគម្លាតអភិវឌ្ឍន៍ក្នុងអនុតំបន់មេគង្គ។ ថ្នាក់ដឹកនាំបានឯកភាពគ្នាលើចក្ខុវិស័យសហប្រតិបត្តិការដល់ឆ្នាំ២០៣០ និងកំណត់បញ្ជីគម្រោងអាទិភាព ដើម្បីជំរុញពាណិជ្ជកម្ម ការវិនិយោគ និងការកាត់បន្ថយថ្លៃដើមដឹកជញ្ជូនឆ្លងកាត់ព្រំដែន។
ក្រោយបញ្ចប់កិច្ចប្រជុំប្រកបដោយផ្លែផ្កាមុននឹងការលាគ្នាទៅកាន់ប្រទេសរៀងៗខ្លួននោះ លោក ឡេ មិញហឹង នាយករដ្ឋមន្ត្រីវៀតណាម បានរៀបចំពិធីជប់លៀងជូនថ្នាក់ដឹកនាំ និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលទាំងពីរខាងលើប្រកបដោយមនោសញ្ចេតនារីករាយ និងស្និទ្ធស្នាល៕










