FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ថានទូតឥណ្ឌូនេស៊ី បើកសម្ពោធ «ផ្សាររាត្រីឥណ្ឌូនេស៊ី» នៅវិថីថ្មើរជើងចតុមុខ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម វប្បធម៌ និងការទូតម្ហូបអាហារជាមួយកម្ពុជា

28-11-2026 20:15

(ភ្នំពេញ)៖ ស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជា នាល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានបើកសម្ពោធជាផ្លូវការនូវព្រឹត្តិការណ៍ «ផ្សាររាត្រីឥណ្ឌូនេស៊ី» (Phsaar Reatrei Indonesia) នៅវិថីថ្មើរជើងចតុមុខ រាជធានីភ្នំពេញ ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ ដើម្បីផ្សព្វផ្សាយផលិតផល ម្ហូបអាហារ និងវប្បធម៌ឥណ្ឌូនេស៊ី ព្រមទាំងរឹតចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធថែមទៀត។

ពិធីបើកសម្ពោធព្រឹត្តិការណ៍រយៈពេលពីរថ្ងៃ (ថ្ងៃទី២៨–២៩ ខែវិច្ឆិកា ឆ្នាំ២០២៦) ដែលជាការរៀបចំលើកទីពីរក្នុងឆ្នាំនេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក Krishnajie ភារធារីស្តីទីនៃស្ថានទូតឥណ្ឌូនេស៊ី ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក កាតឺ ម៉ូហាម៉ាដ ណូសស្រ៊ី (H.E. Katoeu Mohamad Nossry) រដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា និងលោក អ៊ីមរ៉ាន់ ហាសាន់ (H.E. Imran Hassan) អភិបាលរងរាជធានីភ្នំពេញ។

ថ្លែងក្នុងសុន្ទរកថាបើកកម្មវិធី លោក Krishnajie បានគូសបញ្ជាក់ថា ផ្សាររាត្រីឥណ្ឌូនេស៊ីត្រូវបានផ្តួចផ្តើមរៀបចំឡើងតាំងពីឆ្នាំ២០២៤ មក ក្នុងគោលបំណងនាំឥណ្ឌូនេស៊ីឱ្យកាន់តែជិតកម្ពុជា។ លោកបានមានប្រសាសន៍ថា៖ «ផ្សាររាត្រីឥណ្ឌូនេស៊ី បានក្លាយជាវេទិកាមួយដែលនាំប្រជាជនឥណ្ឌូនេស៊ី កម្ពុជា និងប្រជាជនមកពីបណ្តាប្រទេសផ្សេងៗមកជួបជុំ ទាក់ទងគ្នា និងស្វែងយល់ពីគ្នាទៅវិញទៅមក ខណៈកំពុងរីករាយជាមួយម្ហូបអាហារឥណ្ឌូនេស៊ីចម្រុះ ការសម្តែងវប្បធម៌ និងតន្ត្រី»។

ក្រៅពីការផ្សារភ្ជាប់វប្បធម៌ ព្រឹត្តិការណ៍នេះក៏មានគោលដៅជំរុញវត្តមានទីផ្សារនៃផលិតផល និងភោជនីយដ្ឋានឥណ្ឌូនេស៊ីនៅកម្ពុជាផងដែរ។ បច្ចុប្បន្ន ផលិតផលឥណ្ឌូនេស៊ីជាច្រើនប្រភេទ ដូចជា អាហារសម្រន់ មីកញ្ចប់ ថ្នាំពេទ្យគ្មានវេជ្ជបញ្ជា និងផលិតផលថែរក្សាផ្ទាល់ខ្លួន កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋកម្ពុជា។ ជាក់ស្តែង ឥណ្ឌូនេស៊ីគឺជាប្រភពនាំចូលធំជាងគេទីប្រាំមួយរបស់កម្ពុជា (បន្ទាប់ពីចិន វៀតណាម សិង្ហបុរី ថៃ និងម៉ាឡេស៊ី) ដោយតួលេខពាណិជ្ជកម្មទ្វេភាគីចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៦ បានកត់ត្រាការនាំចេញរបស់ឥណ្ឌូនេស៊ីមកកម្ពុជាមានទឹកប្រាក់សរុបចំនួន ១,០២១ ពាន់លានដុល្លារអាមេរិក។
ទន្ទឹមនឹងនេះ ក្នុងអំឡុងពិធីបើក ស្ថានទូតឥណ្ឌូនេស៊ីក៏បានប្រគល់វិញ្ញាបនបត្រ «Duta Rasa Nusantara» (វិស័យការទូតតាមរសជាតិម្ហូបឥណ្ឌូនេស៊ី) ដល់ភោជនីយដ្ឋានឥណ្ឌូនេស៊ីចំនួនពីរកន្លែងនៅជិតព្រះបរមរាជវាំង គឺភោជនីយដ្ឋាន Padang Nusantara និងភោជនីយដ្ឋាន Nong & Krong។ គំនិតផ្តួចផ្តើមការទូតម្ហូបអាហារ (Gastrodiplomacy) ដែលបានដាក់ឱ្យដំណើរការកាលពីដើមឆ្នាំ២០២៦ នេះ មិនត្រឹមតែលើកកម្ពស់បេតិកភណ្ឌធ្វើម្ហូបឥណ្ឌូនេស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយផ្តល់នូវជម្រើសអាហារហាឡាល (Halal) កាន់តែទូលំទូលាយសម្រាប់សហគមន៍មូស្លីមក្នុងស្រុក និងភ្ញៀវទេសចរមូស្លីមទៀតផង។

ដើម្បីអបអរសាទរមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ ផ្សាររាត្រីឥណ្ឌូនេស៊ីក៏មានការសម្តែងរបាំ និងតន្ត្រីប្រពៃណីឥណ្ឌូនេស៊ីដោយសិស្សានុសិស្សនៃមជ្ឈមណ្ឌលវប្បធម៌ឥណ្ឌូនេស៊ីនៅភ្នំពេញ រួមជាមួយការចូលរួមសម្តែងពីតារាចម្រៀងកម្ពុជា ណែន ទុំ (Nen Tum) និង SAI។ លើសពីនេះ ក៏មានការបង្ហាញពិសេសនូវក្បាច់គុនប្រពៃណីឥណ្ឌូនេស៊ី «Pencak Silat» ដែលសម្តែងដោយកីឡាករកម្ពុជា ដែលឆ្លុះបញ្ចាំងពីស្ពានវប្បធម៌ វិន័យ មិត្តភាព និងកិច្ចសហប្រតិបត្តិការកីឡាដ៏ជិតស្និទ្ធរវាងឥណ្ឌូនេស៊ី និងកម្ពុជា៕