មេដឹកនាំកម្ពុជា ថៃ មីយ៉ាន់ម៉ា ឡាវ និងវៀតណាម ជួបគ្នាក្នុងកិច្ចប្រជុំកំពូល ACMECS (Video inside)
28-11-2026 17:11
(ហាណូយ, វៀតណាម)៖ កិច្ចប្រជុំកំពូលយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ា ឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១១ ដែលរៀបចំឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម ចាប់ផ្តើមហើយនៅរសៀលថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
កិច្ចប្រជុំដឹកនាំដោយលោក មីន អោងឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា និងមានការអញ្ជើញចូលរួមពីមេដឹកនាំប្រទេសសមាជិក៣រូបផ្សេងទៀត រួមមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីវៀតណាម លោក សាលើមសៃ គុំម៉ាស៊ីត នាយករដ្ឋមន្ត្រីឡាវ និងលោក អានុទីន ចាន់វីរៈគុល នាយករដ្ឋមន្ត្រីថៃ។
កិច្ចប្រជុំកំពូល ACMECS លើកទី១១ ធ្វើឡើងក្រោមមូលបទ «ការពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្ពោះទៅរក ACMECS ដែលមានភាពឆ្លាតវៃ និងចីរភាព»។ កិច្ចប្រជុំកំពូលនេះ នឹងធ្វើការវាយតម្លៃលើវឌ្ឍនភាពដែលសម្រេចបាន ព្រមទាំងស្វែងរកមធ្យោបាយ ដើម្បីជំរុញបន្ថែមទៀតការតភ្ជាប់ក្នុងតំបន់ នវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។
សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ ឬ ACMECS គឺជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចថ្នាក់អនុតំបន់ ដែលបង្កើតឡើងដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយតុល្យភាព កាត់បន្ថយគម្លាតសេដ្ឋកិច្ចរវាងប្រទេសជាសមាជិក និងជំរុញវិបុលភាពប្រកបដោយចីរភាព។ កិច្ចសហប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងបាកាន ប្រទេសមីយ៉ាន់ម៉ា ដោយមានប្រទេសចំនួន៥ជាសមាជិករួមមាន៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ។
គោលបំណងចម្បងនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនេះរួមមាន៖ ការជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម, ការតភ្ជាប់ក្នុងតំបន់, ការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងរដ្ឋជាសមាជិក និងកិច្ចសហការលើវិស័យសំខាន់ៗដទៃទៀត ដោយផ្តោតលើវិស័យកសិកម្ម ឧស្សាហកម្ម បរិស្ថាន នវានុវត្តន៍ និងការអភិវឌ្ឍធនធានមនុស្ស៕















