FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាំយកអំណោយសប្បុរសធម៌ឧបត្ថម្ភដល់សមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក

28-11-2026 16:22

(ភ្នំពេញ)៖ លោក ប៊ុន ជីវ ប្រធាននាយករបបគយ ​តំណាងលោក​បណ្ឌិត គុណ ញឹម ​រដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី អគ្គនាយកនៃ​​​អគ្គនាយកដ្ឋានគយ​ និង​រដ្ឋាករកម្ពុជា រួមជាមួយក្រុមការងារ​សប្បុរសធម៌ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បាន​ចុះ​​សួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ ​របស់​​សមាគមសង្គហមិត្ត​មន្ត្រីរាជការ នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ជូនសមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេង​ជនពិការភ្នែក ដែលមានបុគ្គលិកចំនួន៩០នាក់ និងមានទីស្នាក់ការកណ្តាល នៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ព្រមទាំងសាខារបស់សមាគមនៅខេត្តបាត់ដំបង កំពង់ចាម បន្ទាយមានជ័យ និងពោធិ៍សាត់។

ក្នុងនាមក្រុមការងារសប្បុរសធម៌ លោក ប៊ុន ជីវ បានសម្តែង​សេចក្តីសោមនស្សរីករាយ និងបានកោតសរសើរ​ចំពោះ​កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលការងារ នាពេលកន្លងមករបស់​សមាគម វិទ្យុ និងទូរស្សន៍អនឡាញ​សំឡេង​ជនពិការភ្នែក ដែល​បានជួយជនពិការភ្នែក និងជនពិការដទៃទៀត ឱ្យទទួលបានការងារប្រកប​​ដោយសេចក្តីថ្លៃថ្នូរ និងមានសិទ្ធិសេរី​​ភាពបរិបូរណ៍ ព្រមទាំងរស់នៅក្នុងសង្គមប្រកប​ដោយសេចក្ដីសង្ឃឹ​ម និងមានមោទនភាព​ក្នុង​ជីវិត។

ទន្ទឹមនេះ លោកប្រធានក្រុមការងារ បានលើកឡើង​ពីការយកចិត្តទុកដាក់ខ្ពស់របស់​​រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំអគ្គនាយក​​​​ដ្ឋាន​គយ និងរដ្ឋាករកម្ពុជា ក្នុងការ​ជួយជ្រោមជ្រែងឧបត្ថម្ភ ដល់សមាគម វិទ្យុ និងទូរស្សន៍​អនឡាញសំឡេងជន​ពិការភ្នែក រួមទាំងវីរកងទ័ព អង្គការ សមាគម មណ្ឌលកុមារកំព្រា និងជនងាយរងគ្រោះនានា។

អំណោយសប្បុរសធម៌ក្នុងពេលនេះ រួមមាន៖​ អង្ករផ្កាខ្ញី៥០គីឡូក្រាម ចំនួន១៥បាវ, មីជាតិ១២​កេសតូច, ត្រីខកំប៉ុង ២០យួរ, ទឹកស៊ីអ៊ីវ​ ១០យួរ, ទឹកត្រី ១០យួរ, ស្ករស៥០គីឡូក្រាម ចំនួន២បាវ និងម៉ាស៊ីនជំរុញទឹក ចំនួន១គ្រឿង ព្រមទាំងបានឧបត្ថម្ភថវិកាជូនដល់សមាគម គណៈគ្រប់គ្រង និងបុគ្គលិករបស់សមាគម ផងដែរ។

​​​ ក្នុងឱកាសនោះ លោក សែម សំណាង អគ្គនាយកសមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក បានថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅ​ជូនចំពោះ លោក​បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្រ្តី និងលោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តីគយនិងរដ្ឋាករទាំងអស់ ព្រមទាំងក្រុមការងារសប្បុរសធម៌ នៃ​​​អគ្គនាយកដ្ឋានគយ ​និង​រដ្ឋាករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់អញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវអំណោយសប្បុរសធម៌ជូនសមាគមជាលើកទី៤។

គួរបញ្ជាក់ផងដែរថា មូលនិធិសប្បុរសធម៌របស់សមាគមសង្គហមិត្តមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្កើតឡើងកាលពីឆ្នាំ២០២០ ក្នុងស្មារតីចូលរួមចំណែកផ្តល់ជំនួយគាំទ្រសម្រាប់សម្រាល ដល់ការលំបាកចំពោះ អង្គការ សមាគម មណ្ឌលកុមារកំព្រា និងជនងាយរងគ្រោះនានា៕