អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អមដំណើរសម្តេចធិបតី ចូលរួមកិច្ចប្រជុំកំពូល ACMECS លើកទី១១ និង CLMV លើកទី១២ នៅប្រទេសវៀតណាម
28-11-2026 15:44
(វៀតណាម)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងជាប្រធានក្រុមប្រឹក្សាធុរកិច្ច ACMECS សម្រាប់កម្ពុជា នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អមដំណើរសម្តេចធិបតីនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមកិច្ចប្រជុំកំពូល យុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក) លើកទី១១ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២ ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម។
កិច្ចប្រជុំកំពូល CLMV លើកទី១២ ដែលប្រព្រឹត្តទៅក្រោមមូលបទ «ការតភ្ជាប់តំបន់ ទាញយកសក្តានុពល-ការកសាងអនាគតប្រកបដោយវិបុលភាព» ពិនិត្យសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ CLMV និងកំណត់ទិសដៅអនាគត។
ផ្អែកលើស្មារតីនៃមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងភាពជាដៃគូសេដ្ឋកិច្ច កិច្ចប្រជុំកំពូលនេះ នឹងផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ការពង្រឹងការតភ្ជាប់ក្នុងអនុតំបន់ និងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដើម្បីជាប្រយោជន៍ដល់ប្រជាជន នៃប្រទេសទាំងបួន៕









