លោកបណ្ឌិត សៀន សុវណ្ណា ប្រគល់វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិ មធ្យមសិក្សាទុតិយភូមិ និងផ្តល់រង្វាន់លើកទឹកចិត្តជូនសិស្សានុសិស្សជ័យលាភី ឆ្នាំសិក្សា២០២៥-២០២៦ នៃសាលាអន្តរជាតិភ្យូឆឺរប្រាយ
28-11-2026 15:33
(សៀមរាប)៖ លោកបណ្ឌិត សៀន សុវណ្ណា រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាលាអន្តរជាតិភ្យូឆឺរប្រាយ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញប្រគល់ វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិ មធ្យមសិក្សាទុតិយភូមិ និងផ្តល់រង្វាន់លើកទឹកចិត្តជូនសិស្សានុសិស្សជ័យលាភី ឆ្នាំសិក្សា២០២៥-២០២៦ នៃសាលាអន្តរជាតិភ្យូឆឺរប្រាយ។
ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត សៀន សុវណ្ណា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានយកចិត្តទុកដាក់ខ្ពស់ ដោយបន្តការពារ និងថែរក្សាសន្តិភាព នៅព្រះរាជាណាចកម្ពុជាឱ្យស្ថិតស្ថេរជានិរន្ត ដើម្បីអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ដែលមានសមិទ្ធផលចម្បងៗជាច្រើនគួរឱ្យកត់សម្គាល់។
លោកបណ្ឌិត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានលើកកម្ពស់គុណភាពអប់រំ ដើម្បីអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា សំដៅឱ្យយុវជនកម្ពុជាក្លាយជាទំពាំងស្នងឬស្សីសម្រាប់ចូលរួមអភិវឌ្ឍប្រទេសកម្ពុជានាពេលអនាគត។ ដូច្នេះដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្សនៅក្នុងគ្រួសារ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សូមមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សានុសិស្ស ត្រូវអប់រំកូន ប្អូន ក្មួយ និងចៅនៅផ្ទះរៀងៗខ្លួន។
លោកបណ្ឌិត បន្តថា ដើម្បីឱ្យពួកគាត់ស្រលាញ់ការសិក្សាពេញមួយជីវិត និងយកចិត្តទុកដាក់ខ្ពស់លើការសិក្សា សំដៅទទួលបានចំណេះដឹង ជំនាញនិងបំណិនសម្រាប់បន្តការសិក្សានៅកម្រិតសាកលវិទ្យាល័យក្នុង និងក្រៅប្រទេសប្រកបដោយជោគជ័យ ក្នុងគោលបំណងអភិវឌ្ឍជីវិតខ្លួនឯង គ្រួសារ និងចូលរួមអភិវឌ្ឍប្រទេសជាតិ។
លោកបណ្ឌិត បានបន្តថា រាជរដ្ឋាភិបាល បានផ្តល់ការងារឱ្យយុវជនកម្ពុជាជាច្រើនកន្លែង ដើម្បីទទួលបានការងារធ្វើកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ដូច្នេះប្អូនៗ និងក្មួយៗ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើ្បម្បីមានឱកាសទទួលបានការងារពីរាជរដ្ឋាភិបាលកម្ពុជារបស់យើងសម្រាប់ដោះស្រាយជីវភាពខ្លួនឯង គ្រួរសារ កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
លោកបណ្ឌិត បន្ថែមថា រាជរដ្ឋាភិបាល ក៏បានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដូចជា ផ្លូវលំ ផ្លូវជាតិ ផ្លូវល្បឿនលឿន ផ្លូវរថភ្លើង ស្ពាន និងស្ពានអាកាស ដើម្បីផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាជន និងកំណើនសេដ្ឋកិច្ចជាតិ។ រាជរដ្ឋាភិបាល បាន និងកំពុងអភិវឌ្ឍខេត្តជាប់ព្រំដែន ដើម្បីកំណើនសេដ្ឋកិច្ច ខេត្តជាប់ព្រំដែន និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋទៅរស់នៅខេត្តជាប់ព្រំដែន ឱ្យបានច្រើនកុះករ ដូចតាមបណ្តាលខេត្តផ្សេងៗ។
លោកបណ្ឌិត បាបន្តទៀតថា រាជរដ្ឋាភិបាល បានធ្វើផ្លូវក្រវ៉ាត់នៅតាមព្រំដែន ដើម្បីការពារបូរណភាពទឹកដី និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់យើង។ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើកំណើនសេដ្ឋកិច្ចជាតិ ទោះបីសេដ្ឋកិច្ច ពិភពលោកមានការធ្លាក់ចុះក៏ដោយ។ ជាក់ស្តែងធនាគារពិភពលោក បានព្យាករណ៍សេដ្ឋកិច្ច ប្រទេសកម្ពុជានឹងរំពឹងថា សម្រេចបានកំនើនសេដ្ឋកិច្ចក្នុងរង្វង់ ៣.៥ %នៅឆ្នាំ២០២៦ និងធនាគារអភិវឌ្ឍអាស៊ីបានព្យាករណ៍សេដ្ឋកិច្ចប្រទេសកម្ពុជា នឹងរំពឹងថា សម្រេចបានកំនើន ក្នុងរង្វង់ ៣.៩% នៅឆ្នាំ២០២៦។
លោកបណ្ឌិត សៀន សុវណ្ណា បញ្ជាក់ថា ដើម្បីលើកកម្ពស់គុណភាពអប់រំ ឱ្យឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តរបស់ក្រសួងអប់រំ យុវជន និងកីឡា យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល សាលាអន្តរជាតិភ្យូឆឺរប្រាយ បានកំណត់ចក្ខុវិស័យ និងបេសកកម្មយ៉ាងច្បាស់លាស់ ព្រមទាំងបានបង្កើតផែនការយុទ្ធសាស្រ្ត ផែនការបណ្តុះបណ្តាល និងផែនការសកម្មភាព ដើម្បីដឹកនាំគ្រប់គ្រងការបណ្តុះបណ្តាលកម្មវិធីសិក្សាកម្រិតមត្តេយ្យសិក្សាកម្មវិធីសិក្សាចំណេះទូទៅពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ និងកម្មវិធីសិក្សាភាសាអង់គ្លេសគ្រប់កម្រិតសិក្សា។
ជាមួយនេះដែរ លោកបណ្ឌិត ក៏បានវាយតម្លៃខ្ពស់ និងសំដែងនូវការកោតសរសើរដ៏ស្មោះចំពោះគណៈគ្រប់គ្រង បុគ្គលិក និងលោកគ្រូ អ្នកគ្រូ នៃសាលា អន្តរជាតិភ្យូឆឺរប្រាយ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញា មានឆន្ទៈមុះមុត មានការប្តេជ្ញាចិត្តខ្ពស់ និងមានគំនិតច្នៃប្រឌិតក្នុងការដឹកនាំគ្រប់គ្រង បង្ហាត់បង្រៀន និងអប់រំណែនាំសិស្សានុសិស្ស ស្របតាមគោលនយោបាយ បទដ្ឋានគតិយុត្ត ផែនការយុទ្ធសាស្ត្រ ផែនការបណ្តុះបណ្តាល និងផែនការសកម្មភាពរបស់សាលា អន្តរជាតិភ្យូឆឺរប្រាយ ដែលនាំឱ្យសាលា អន្តរជាតិភ្យូឆឺរប្រាយ មានគុណភាពអប់រំកម្រិតស្តង់ដាជាតិ និងអន្តរជាតិ លើការបណ្តុះបណ្តាលកម្មវិធីសិក្សាថ្នាក់មត្តេយ្យសិក្សា កម្មវិធីសិក្សាចំណេះទូទៅថ្នាក់ទី១ ដល់ថ្នាក់ទី១២ និងកម្មវិសិក្សាភាសាបរទេសយ៉ាងពិតប្រាកដ៕





























