អភិបាលខេត្តកោះកុង ចុះពិនិត្យគម្រោងសាងសង់ផ្លូវបេតុង២ខ្សែ និងប្រឡាយទឹក១ខ្សែ ក្នុងក្រុងខេមរភូមិន្ទ
28-11-2026 15:17
(កោះកុង)៖ លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារជំនាញអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោងសាងសង់ផ្លូវបេតុងចំនួន ២ខ្សែ និងប្រឡាយទឹកចំនួន ១ខ្សែ ស្ថិតក្នុងភូមិសាស្ត្រក្រុងខេមរភូមិន្ទ ខេត្តកោះកុង នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងនោះរួមមាន៖
*ទី១៖ គម្រោងផ្លូវបេតុងប្រវែង ៣៩៨ម៉ែត្រ ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ,
*ទី២៖ គម្រោងផ្លូវបេតុងប្រវែង ៦៣០ម៉ែត្រ ស្ថិតនៅភូមិស្ទឹងវែង
*ទី៣៖ ការងារស្ដារព្រមទាំងសម្អាតព្រែកកោះប៉ោ (ជំហានទី១) ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រោមគម្រោងបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ (CCA4CS-II) របស់ក្រសួងបរិស្ថាន។
លោកស្រីអភិបាលខេត្ត បានបញ្ជាក់ថា ការស្ថាបនាផ្លូវនិងប្រព័ន្ធរំដោះទឹកនេះ ធ្វើឡើងក្នុងគោលបំណងកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ និងបញ្ចៀសការជន់លិចនារដូវវស្សា។
ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានបង្ហាញក្តីសោមនស្សរីករាយយ៉ាងខ្លាំង និងបានប្តេជ្ញារួមគ្នាថែរក្សាអនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ។ គម្រោងទាំងនេះ មិនត្រឹមតែលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនសោភណភាពក្រុង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកម្សាន្តកាន់តែច្រើនផងដែរ៕










