FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេច ម៉ែន សំអន អញ្ជើញបើកព្រឹត្តិការណ៍ «រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌» អបអរសាទរខួបលើកទី៧៨ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ

28-11-2026 15:15

(ស្វាយរៀង)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរៀបចំព្រឹត្តិការណ៍ «រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌» ដែលមានអ្នកចូលរួមចម្រុះជាតិសាសន៍ ចំនួនប្រមាណជាង១,០០០នាក់ នៅក្នុងខេត្តស្វាយរៀង ក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដើម្បីអបអរសាទរខួបលើកទី៧៨ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ និងជាការចូលរួម ចំណែកជាមួយរាជរដ្ឋាភិបាលលើការងារសប្បុរសធម៌។

ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានកោតសរសើរខ្ពស់ ចំពោះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដោយបានសហការជាមួយរដ្ឋបាលខេត្តស្វាយរៀង រៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ដែលបានរួមបញ្ចូលគ្នានូវកីឡា សុខភាព សាមគ្គីភាព ភាពសប្បុរស និងការលើកកម្ពស់សិទ្ធិមនុស្ស។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានគូសបញ្ជាក់ថា ស្មារតី «រត់ដើម្បីសុខភាព សាមគ្គីភាព និងសប្បុរសធម៌» គឺជាតម្លៃដ៏ប្រពៃដែលស្តែងចេញពីវប្បធម៌នៃការចែករំលែក និងជាសាររម្លឹកថា ក្រោមដំបូលនៃសុខសន្តិភាព ពលរដ្ឋគ្រប់រូបសុទ្ធ តែមានសិទ្ធិសេរីភាពពេញលេញ និងស្មើភាពគ្នាក្នុងការធ្វើឱ្យសម្រេចគោលដៅជីវិត។

សូមរំលឹកថា ព្រឹត្តិការណ៍នេះ ជាឱកាសដ៏អស្ចារ្យ និងសំខាន់សម្រាប់បងប្អូនសាធារណជនទាំងជាតិ និងអន្តរជាតិ មកចូលរួមលេងកីឡាដើម្បីពង្រឹងសុខភាព បង្កើតបរិយាកាសរីករាយ និងជាការរួមចំណែកលើក ស្ទួយវិស័យទេសចរណ៍ក្នុងខេត្តស្វាយរៀង ព្រមទាំងបានធ្វើការងារសប្បុរសធម៌ជួយដល់សង្គមជាមួយគ្នាផងដែរ។

ថវិកាដែលទទួលបានពីការចុះឈ្មោះចូលរួម និងថវិកាឧបត្ថម្ភផ្សេងៗ សម្រាប់ព្រឹត្តិការណ៍នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងផ្តល់ជាការឧបត្ថម្ភគាំទ្រជូនដល់អង្គការមនុស្សចាស់ អង្គការកុមារកំព្រា និងមន្ទីរពេទ្យគន្ធបុប្ផា៕