FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំពិនិត្យសម្រេចលើគម្រោងវិនិយោគផលិតជី និងសំណើវិនិយោគប្រព័ន្ធធារាសាស្ត្រ

28-11-2026 15:10

(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើគម្រោងវិនិយោគផលិតជីសរីរាង្គ និងសំណើសុំវិនិយោគប្រព័ន្ធធារាសាស្ត្រ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅក្នុងខេត្ត។

គម្រោងវិនិយោគចំនួន២ ត្រូវបានអនុគណៈកម្មការវិនិយោគខេត្ត សម្រេចលើសំណើសុំ រួមមាន៖

*ទី១៖ រោងចក្រផលិត និងកែច្នៃជីសរីរាង្គ នៅភូមិគីឡូ៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
*ទី២៖ ប្រព័ន្ធធារាសាស្ត្រ ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលចំនួន ២៧.២៨០ ហិកតា ក្នុងស្រុកកងមាស ស្រុកព្រៃឈរ និងស្រុកជើងព្រៃ។

ក្នុងឱកាសនោះលោក អ៊ុន ចាន់ដា បានថ្លែងថា គម្រោងវិនិយោគរោងចក្រផលិត និងកែច្នៃជីសរីរាង្គ របស់ក្រុមហ៊ុន «ឡុង ស្រេង អ៊ិនធើណេសិនណល» រំពឹងថានឹងជួយបង្កើតឱកាសការងារ និងជំរុញសកម្មភាពសេដ្ឋកិច្ច ដើម្បីបង្កើនប្រាក់ចំណូលជូនពលរដ្ឋក្នុងខេត្ត។

ទន្ទឹមនឹងនេះ គម្រោងប្រព័ន្ធធារាសាស្ត្រ នឹងជួយផ្គត់ផ្គង់ទឹកស្រោចស្រពដល់ដីកសិកម្ម ជួយសម្រួលការដាំដុះ កាត់បន្ថយហានិភ័យខ្វះទឹក និងបង្កើនទិន្នផលកសិកម្មរបស់កសិករឱ្យកាន់តែប្រសើរ ជាពិសេសលើកកម្ពស់ប្រសិទ្ធភាព នៃការប្រើប្រាស់ទឹកតាមរយៈសហគមន៍កសិករប្រើប្រាស់ទឹក ពង្រីកលទ្ធភាពបង្កបង្កើនផល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករឱ្យកាន់តែប្រសើរឡើង៕