កម្ពុជា និងមីយ៉ាន់ម៉ា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត

28-11-2026 14:19

(ហាណូយ, វៀតណាម)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក មីន អោងឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា បានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិ​ការទ្វេ​ភាគី​ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ការឯកភាពនេះ បានធ្វើឡើងក្នុងជំនួបនៅទីក្រុងហាណូយ ប្រទេសវៀតណាម នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្រុងហាណូយ ប្រទេសវៀតណាម ជាទីដែលមេដឹកនាំកម្ពុជា និងមីយ៉ាន់ម៉ា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១១ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២។

ក្នុងជំនួបនោះ លោកប្រធានាធិបតីមីយ៉ាន់ម៉ា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហ​ប្រតិ​បត្តិ​ការទ្វេភាគី មីយ៉ាន់ម៉ា-កម្ពុជា ជាពិសេសបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក​មក​កម្ពុជាកាលពីខែតុលា​​កន្លងទៅ។ លោកប្រធានាធិបតី ក៏បានលើកឡើងអំពីវឌ្ឍនភាពនៃទំនាក់​ទំនងទ្វេភាគី ជាពិសេសបានសម្ដែងនូវការពេញចិត្តចំពោះលទ្ធផលដែលប្រទេស​ទាំងពីរបាន​សម្រេច​រួមគ្នា។ លោកប្រធានាធិបតី បានគូសបញ្ជាក់ថា មីយ៉ាន់ម៉ា​ មានបំណងបន្តពង្រឹង និង​ពង្រីក​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សម្ដេចមហាបវរធិបតី បានសម្ដែងក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារ​ជាថ្មីជាមួយ​លោកប្រធានាធិបតី។ សម្តេចនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងពេញចិត្តចំពោះភាពរីកចម្រើន​នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​កម្ពុជា-មីយ៉ាន់ម៉ា។ សម្ដេចប្រមុខរាជរដ្ឋាភិបាល ក៏បាន​គូសបញ្ជាក់ថា ប្រទេសទាំងពីរនៅមានកាលានុវត្តភាពជាច្រើនទៀត ក្នុងការជំរុញកិច្ចសហប្រតិ​បត្តិ​ការ​ទ្វេភាគី ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។

សម្ដេចមហាបវរធិបតី និងលោកប្រធានាធិបតីមីយ៉ាន់ម៉ា បានឯកភាពគ្នាជំរុញបន្ថែមលើកិច្ច​សហ​ប្រតិ​បត្តិការក្នុងវិស័យសំខាន់ៗ រួមមាន ជាអាទិ៍៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម, វិនិយោគ, ការពារជាតិ និង សន្តិសុខ, អប់រំ, ទេសចរណ៍ ក៏ដូចជាការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពគ្នា​ជំរុញក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តផ្សារភ្ជាប់ទំនាក់ទំនង និង​ពិភាក្សាគ្នា ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តទៅជាសកម្មភាពជាក់ស្ដែង សម្រាប់ការពង្រីកកិច្ច​សហ​ប្រតិ​បត្តិការលើវិស័យសំខាន់ៗរវាងប្រទេសទាំងពីរ។​ ​ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរ​ទស្សនៈអំពី​បញ្ហា​តំបន់ និងសកល៕