ក្រុមហ៊ុនមីម៉ាម៉ារបស់ថៃ បិទរោងចក្រនៅកម្ពុជា ក្រោយធ្វើប្រតិបត្តិការជាង ២០ឆ្នាំ

28-11-2026 14:06

(Khaosod)៖ ក្រុមហ៊ុនផលិតមីកញ្ចប់ Mama របស់ប្រទេសថៃ បានសម្រេចបិទរោងចក្ររបស់ខ្លួននៅកម្ពុជា បន្ទាប់ពីធ្វើប្រតិបត្តិការជាង ២០ឆ្នាំ ដោយសារតែភាពតានតឹង តាមព្រំដែន ការពហិការប្រឆាំងផលិតផលថៃ និងការកើនឡើងការប្រកួតប្រជែង បានបង្កផលរំខានយ៉ាងខ្លាំងដល់អាជីវកម្មរបស់ខ្លួន។ យ៉ាងណាមិញ ក្រុមហ៊ុនរំពឹងថា ផលប៉ះពាល់ទៅលើប្រាក់ចំណេញសរុបរបស់ខ្លួននឹងមានកម្រិតត្រឹមពី ១ ទៅ២ភាគរយប៉ុណ្ណោះ។ នេះបើយោងតាមសារព័ត៌មានថៃ Prachachat Business ដកស្រង់ចេញ ផ្សាយដោយសារព័ត៌មានថៃ Khaosod។

លោក Phan Phaniengvet នាយកក្រុមហ៊ុន Thai President Foods ដែលជាក្រុមហ៊ុនផលិតមីកញ្ចប់ Mama បានឱ្យដឹងថា ការសម្រេចចិត្តខាងលើកើតឡើងបន្ទាប់ពី បញ្ហាប្រឈមជាច្រើន រួមមានការបិទច្រកព្រំដែន ការពហិការទំនិញថៃ និងផលលំបាកក្នុងការចែកចាយទំនិញជាដើម។ Mama ធ្លាប់គ្របដណ្តប់ទីផ្សារមីកញ្ចប់កម្ពុជា ដោយកាន់កាប់ចំណែកទីផ្សារពី ៧០ ទៅ៨០ភាគរយ។ ប៉ុន្តែជម្លោះព្រំដែន និងភាពតានតឹងរវាងប្រទេសទាំង២ បានបើកឱកាសក្រុមហ៊ុនក្នុងស្រុក និងដៃគូប្រកួតប្រជែងពី ចិន វៀតណាម ឥណ្ឌូនេស៊ី និងកូរ៉េខាងត្បូង ទទួលបានចំណែកទីផ្សារ។

មុនពេលភាពតានតឹងតាមព្រំដែន Mama បាននាំចេញមីកញ្ចប់មានតម្លៃប្រហែល ១០០លានបាតពីប្រទេសថៃទៅកម្ពុជាជារៀងរាល់ខែ ខណៈដែលរោងចក្ររបស់ខ្លួននៅកម្ពុជា រកចំណូលបានប្រហាក់ប្រហែលគ្នានេះដែរ ឬប្រមាណ ១ពាន់លានបាតក្នុងមួយឆ្នាំ។

លោក Phan បានបញ្ជាក់ថាប្រាក់ចំណូលប្រចាំឆ្នាំសរុបរបស់ក្រុមហ៊ុនមានលើសពី ២០ពាន់លានបាត ជាមួយនឹងប្រាក់ចំណេញជាង ៣ពាន់លានបាត។ ការបាត់បង់អាជីវកម្ម នៅកម្ពុជារបស់ខ្លួនត្រូវបានគេរំពឹងថានឹងកាត់បន្ថយប្រាក់ចំណេញសរុបប្រហែល ៣០លានបាត ឬមិនលើសពី ១ ទៅ ២ភាគរយ ដោយមិនរាប់បញ្ចូលការខាតបង់ពីការថយចុះតម្លៃ។ លោកបានបន្តថា ក្រុមហ៊ុនបានពិចារណាណែនាំម៉ាកយីហោថ្មី ការប្តូរឈ្មោះក្រុមហ៊ុន ឬកាត់បន្ថយអត្តសញ្ញាណថៃរបស់ខ្លួន ដើម្បីបន្ធូរបន្ថយការពហិការ ប៉ុន្តែទីបំផុតបានសម្រេចចិត្តមិនធ្វើដូច្នេះ។ តាមលោក Phan ក្រុមហ៊ុនមិនមានជម្លោះជាមួយប្រជាជនកម្ពុជានោះទេ ហើយា Mama អាចនឹងពិចារណាវិលត្រឡប់ទៅកាន់ផ្សារកម្ពុជា ប្រសិនបើមានលក្ខខណ្ឌអំណោយផល។

ការបិទរោងចក្រនេះកើតឡើងចំពេលអាជីវកម្មថៃធំៗផ្សេងទៀតក៏កំពុងកាត់បន្ថយប្រតិបត្តិការនៅកម្ពុជាផងដែរ។ ក្រុមហ៊ុន CP All ដែលជាប្រតិបត្តិករហាង 7-Eleven ទើបតែបានប្រកាសផែនការបញ្ចប់ប្រតិបត្តិការទាំងអស់របស់ខ្លួននៅកម្ពុជាចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៦។

យោងតាមសារព័ត៌មាន Prachachat Business ចំនួនហាង 7-Eleven នៅកម្ពុជាបានធ្លាក់ចុះពី ១១២ហាងនៅចុងខែមិថុនា ឆ្នាំ២០២៥ មកត្រឹម ២៣ហាង គិតត្រឹមនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅចំពោះមុខភាពតានតឹងបន្តតាមបណ្តោយព្រំដែនថៃ-កម្ពុជា៕