សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីមីយ៉ាន់ម៉ា ជួបពិភាក្សាការងារ
28-11-2026 09:52
(ហាណូយ, វៀតណាម)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតីមីយ៉ាន់ម៉ា នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អៀងឡាំង កំពុងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលចំនួនពីរនៅទីក្រុងហាណូយ ប្រទេសវៀតណាម។ កិច្ចប្រជុំទាំងពីរនោះរួមមានកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១១ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២។ កិច្ចប្រជុំកំពូលទាំងពីរនេះ គឺជាជំនួបដ៏មានសារៈសំខាន់រវាងមេដឹកនាំប្រទេសមានព្រំដែនជាប់គ្នារួមមានកម្ពុជា ថៃ វៀតណាម ឡាវ និងមីយ៉ាន់ម៉ា។
សូមបញ្ជាក់ថា លោក មីន អោង ឡាំង ទើបនឹងអញ្ជើញមកទស្សនកិច្ចនៅកម្ពុជាកាលពីខែកញ្ញា កន្លងទៅនេះ។ ក្នុងដំណើរទស្សនកិច្ចនោះ កម្ពុជា និងមីយ៉ាន់ម៉ា បានបង្ហាញការប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគ្នា។
ក្នុងដំណើរទស្សនកិច្ចនាពេលនោះ មានឯកសារចំនួន៤ ត្រូវបានចុះហត្ថលេខា។ ឯកសារទាំង៤រួមមាន៖ កិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ, កិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារការវិនិយោគទៅវិញទៅមក, វិសោធនកម្មលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងក្រសួងវប្បធម៌ សណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា និងអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន៕









