FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាប និងឃាត់ខ្លួនក្មេងទំនើង៦នាក់ ដែលបង្ហោះម៉ូតូតាមផ្លូវយ៉ាងអនាធិបតេយ្យ

28-11-2026 09:26

(កំពង់ស្ពឺ)៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្ក្រាបនិងឃាត់ខ្លួនក្រុមក្មេងទំនើង ដែលធ្វើសកម្មភាពបង្ហោះម៉ូតូតាមទីសាធារណៈ ដែលជាហេតុបង្កឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋរស់នៅជុំវិញ បង្កភាពអនាធិបតេយ្យ ខូចសណ្តាប់ធ្នាប់សង្គម ជាបន្តបន្ទាប់យកមកអប់រំណែនាំ និងដកហូតយកម៉ូតូមករក្សាទុករយៈពេល ០៣ ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

ជាក់ស្តែង កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានល្បាតតាមបណ្ដាភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន ០៦ នាក់ ក្រោយពីក្រុមក្មេងទំនើងទាំងនេះបានធ្វើសកម្មភាពបង្ហោះម៉ូតូកាលពីវេលាម៉ោង០០:៥០នាទី នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅចំណុចភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ក្មេងទំនើងដែលបានឃាត់ខ្លួនទី១ មានឈ្មោះ ឈឿន មាន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ទី២ ឈ្មោះ ស៊ឹម រក្សា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ទី៣ ឈ្មោះ តេង ឡៅហ៊ុយ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ទី៤ ឈ្មោះ អាន សុផានិត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ទី៥ ឈ្មោះ ណយ សំនៀង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ និងទី៦ ឈ្មោះ ស៊ីម រើន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ។ វត្ថុតាងចាប់យករួមមាន៖ ម៉ូតូចំនួន០៣គ្រឿង និងទូរស័ព្ទចំនួន ០៦គ្រឿង។

បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំង០៦នាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ យកមកអប់រំធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឱ្យប៉ះពាល់សណ្តាប់ធ្នាប់សង្គម បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្កការភ័យខ្លាចដល់អ្នកជុំវិញ បង្កភាពអនាធិបតេយ្យក្នុងសង្គម ដោយបានដកហូតម៉ូតូយកមករក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕