សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីវៀតណាម ជួបប្រជុំទ្វេភាគី
28-11-2026 09:22
(ហាណូយ, វៀតណាម)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម ជួបប្រជុំទ្វេភាគី។
ជំនួបនេះ មានការអញ្ជើញចូលរួមដោយមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរជាច្រើនរូប។ តាមរយៈរដ្ឋមន្ត្រី ដែលចូលរួមក្នុងកិច្ចប្រជុំ បង្ហាញឱ្យឃើញថា កិច្ចប្រជុំមានវិសាលគ្រប់ដណ្តប់លើកិច្ចការច្រើនវិស័យរវាងប្រទេសទាំងពីរ។
ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគ្នា មេដឹកនាំកម្ពុជា និងវៀតណាម ដែលជាប្រទេសមានព្រំដែនជាប់គ្នា តែងផ្លាស់ប្តូរទស្សនកិច្ចរវាងគ្នាជាញឹកញាប់។ កាលពីខែតុលា កន្លងទៅនេះ លោក ឡេ មិញហ៊ឹង ទើបនឹងទស្សនកិច្ចនៅកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនោះឯកសារចំនួន៦ ត្រូវបានចុះហត្ថលេខារវាងគ្នា។ ឯកសារទាំងនោះ គ្រប់ដណ្តប់លើការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការអប់រំ វប្បធម៌ បច្ចេកវិទ្យាព័ត៌មាន និងការធ្វើពាណិជ្ជកម្ម។
ក្រៅពីឯកសាររវាងរដ្ឋាភិបាល និងរដ្ឋាភិបាលហើយនោះ វិស័យឯកជនរវាងប្រទេសទាំងពីរ បានផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចចំនួន៥បន្ថែមទៀត ក្នុងវេទិកាធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ២០២៦ ដែលក្នុងនោះ ក៏មានគម្រោងវិនិយោគលើគម្រោងកសិកម្ម និងចិញ្ចឹមសត្វនៅខេត្តក្រចេះ និងរតនគិរី ដែលមានទុនវិនិយោគសរុប ៦៤៨លានដុល្លារអាមេរិក។
សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលចំនួនពីរនៅទីក្រុងហាណូយ ប្រទេសវៀតណាម។ កិច្ចប្រជុំទាំងពីរនោះរួមមានកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១១ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២។ កិច្ចប្រជុំកំពូលទាំងពីរនេះ គឺជាជំនួបដ៏មានសារៈសំខាន់រវាងមេដឹកនាំប្រទេសមានព្រំដែនជាប់គ្នារួមមានកម្ពុជា ថៃ វៀតណាម ឡាវ និងមីយ៉ាន់ម៉ា៕













