FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលខេត្តព្រះសីហនុ រៀបចំសណ្ដាប់ធ្នាប់ជុំវិញផ្សារលើក្រុងព្រះសីហនុ ដើម្បីរក្សារបៀបរៀបរយល្អ និងលើកកម្ពស់សោភ័ណភាពផ្សារ

27-11-2026 21:28

(ព្រះសីហនុ)៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានបន្តចុះអនុវត្តការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈ និងអនុវត្តវិធានការរដ្ឋបាល នៅបរិវេណផ្សារលើក្រុងព្រះសីហនុស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីរក្សាសណ្តាប់ធ្នាប់របៀបរៀបរយល្អ និងលើកកម្ពស់សោភ័ណភាពផ្សារ។

វិធានការនេះ បានធ្វើឡើងដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ស៊ីធឿន តុលា ស្នងការរងផែនការងារនគរបាលសណ្តាប់ធ្នាប់។

លោកវរសេនីយ៍ត្រី ចាន់ ពេជ្ររស្មី នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹងថា លោកបានចាត់កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ សហការជាមួយរដ្ឋបាលក្រុងព្រះសីហនុ ចុះធ្វើការអប់រំណែនាំប្រជាពលរដ្ឋលក់ដូរតាមផ្ទះ អ្នកលក់ដូរលើផ្លូវ អ្នកចតយានយន្តលើដងផ្លូវ បង្កឲ្យមានភាពអាណាធិបតេយ្យ កកស្ទះចរាចរណ៍ញឹកញាប់ លើផ្លូវបេតុងលេខ២១៦-២១៨ ត្រង់ចំណុចជុំវិញផ្សារលើក្រុងព្រះសីហនុ ស្ថិតក្នុងភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ការចុះអប់រំណែនាំនេះ ក្នុងគោលបំណងឲ្យពួកគាត់បញ្ឈប់ការលក់ដូរលើដងផ្លូវ និងចតឈប់យានយន្តតលើចិញ្ចើមផ្លូវសាធារណៈ ក្នុងគោលបំណងដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ សុវត្ថិភាពការធ្វើចរាចរណ៍លើដងផ្លូវមិនអោយកកស្ទះ ដើម្បីសម្រួលដល់រថយន្តសង្គ្រោះនៅពេលដែលមានឧបទ្ទវហេតុណាមួយកើតឡើងជាយថាហេតុ និងលើកកម្ពស់សោភ័ណភាពទីក្រុងទេសចរណ៍ខេត្តព្រះសីហនុ ឱ្យកាន់តែមានសណ្ដាប់ធ្នាប់របៀបរៀបរយស្រស់ស្អាត៕