FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងរ៉ែ និងក្រសួងពាណិជ្ជកម្ម បន្តចុះស្រាវជ្រាវករណី «សាំងពណ៌ក្រហម» ខណៈស្ថានីយមួយចំនួននៅភ្នំពេញ កំពង់ធំ និងកណ្តាល ពិនិត្យឃើញមានគុណភាពស្របតាមបទដ្ឋាន

27-11-2026 20:14

(ភ្នំពេញ)៖ ក្រុមការងារបច្ចេកទេសនៃក្រសួងរ៉ែនិងថាមពល និងក្រសួងពាណិជ្ជកម្ម បានបន្តសហការគ្នាចុះស្រាវជ្រាវ តាមដាន និងត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ បន្ទាប់ពីមានការផ្សព្វផ្សាយបញ្ចេញមតិពាក់ព័ន្ធនឹង «សាំងពណ៌ក្រហម» នៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការចាប់អារម្មណ៍ និងចម្ងល់ពីសាធារណជន ព្រមទាំងអ្នកប្រើប្រាស់។

យោងតាមសេចក្តីប្រកាសព័ត៌មានរួម ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសនៃក្រសួងទាំងពីរ ដែលមានអគ្គនាយកដ្ឋានប្រេងកាត និងអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់និងការប្រកួតប្រជែង (ក.ប.ប.) បានធ្វើការជាមួយក្រុមហ៊ុនប្រេងឥន្ធនៈពាក់ព័ន្ធ ដើម្បីស្វែងយល់ពីដំណើរការគ្រប់គ្រង និងត្រួតពិនិត្យគុណភាពចាប់ពីការនាំចូល សន្និធិ ការដឹកជញ្ជូន រហូតដល់ការចែកចាយនៅតាមស្ថានីយលក់រាយ។

ផ្អែកលើការស្រាវជ្រាវបន្ថែម និងព័ត៌មានពីអ្នកប្រើប្រាស់ ក្រុមការងារនៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះត្រួតពិនិត្យគុណភាពប្រេងសាំងនៅតាមស្ថានីយមួយចំនួន ក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ធំ និងខេត្តកណ្តាល។ លទ្ធផលនៃការត្រួតពិនិត្យស្ថានីយទាំងនោះ បង្ហាញថា គុណភាពប្រេងឥន្ធនៈមានអនុលោមភាពតាមលក្ខណខ្នាតតម្រូវ។ ទន្ទឹមនេះ ក្រុមហ៊ុននាំចូលប្រេងឥន្ធនៈពាក់ព័ន្ធក៏បានរាយការណ៍ពីវិធានការត្រួតពិនិត្យគុណភាពមុន និងក្រោយការនាំចូល ការធ្វើតេស្តសំណាកនៅឃ្លាំងស្តុក ការបញ្ជូនសំណាកទៅមន្ទីរពិសោធន៍ឯករាជ្យ និងការតាមដានការដឹកជញ្ជូន-ចែកចាយតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។

ទោះជាយ៉ាងណា ក្រុមការងារបច្ចេកទេសនៃក្រសួងទាំងពីរ បានបញ្ជាក់ថា នឹងបន្តយកចិត្តទុកដាក់លើករណីនេះ និងដាក់ចេញយន្តការសហការបន្តក្នុងការស្រាវជ្រាវ តាមដាន និងប្រមូលព័ត៌មានបន្ថែម ជាពិសេសស្វែងរកទីតាំងដែលអាចមានបញ្ហាគុណភាពប្រេងឥន្ធនៈ និងប្រភពនៃការចែកចាយ ដើម្បីធានាប្រសិទ្ធភាពនៃការគ្រប់គ្រងគុណភាពលើទីផ្សារស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

ជាមួយគ្នានេះ ក្រសួងស្ថាប័នមានសមត្ថកិច្ច បានអំពាវនាវដល់សាធារណជន ឬអ្នកប្រើប្រាស់ ដែលមានការសង្ស័យ ឬកំពុងជួបប្រទះករណីគុណភាពប្រេងឥន្ធនៈមិនល្អ សូមរាយការណ៍អំពីទីតាំងស្ថានីយ ឬទីតាំងចែកចាយមកកាន់ស្ថាប័នជំនាញ ដើម្បីចាត់វិធានការតាមសមត្ថកិច្ច និងការពារផលប្រយោជន៍អ្នកប្រើប្រាស់៖
• អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម៖ ០៩២ ៧២២ ៥៦៦
• អគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែនិងថាមពល៖ ០១២ ៧១៧ ៧២៥

ក្រុមការងារបច្ចេកទេសនៃក្រសួងទាំងពីរ បានសង្កត់ធ្ងន់ថា នឹងបន្តសហការយ៉ាងជិតស្និទ្ធក្នុងការត្រួតពិនិត្យ ស្រាវជ្រាវ និងអនុវត្តវិធានការចាំបាច់តាមសមត្ថកិច្ចរៀងៗខ្លួន ដើម្បីរក្សាទំនុកចិត្តលើវិស័យប្រេងឥន្ធនៈនៅកម្ពុជា៕