FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដាស់តឿនឲ្យប្រុងប្រយ័ត្នសម្រាប់ឪពុកម្តាយ! ធ្វេសប្រហែសមួយប៉ប្រិចភ្នែក កូនស្រីអាយុទើប១ខួបកន្លះ ធ្លាក់ចូលអាងទឹកក្នុងបន្ទប់ទឹក បណ្ដាលឱ្យស្លាប់នៅស្រុកស៊ីធរកណ្ដាល

27-11-2026 17:12

(ព្រៃវែង)៖ ករណីគ្រោះថ្នាក់ដ៏គួរឱ្យសោកស្ដាយមួយបានកើតឡើង បណ្ដាលមកពីការធ្វេសប្រហែសមួយភ្លែតរបស់ឪពុកម្តាយ បណ្ដាលឲ្យកុមារីវ័យទើបតែ ១ខួបកន្លះ បានដាំក្បាលចូលក្នុងអាងទឹកបន្ទប់ទឹក ហើយស្លាប់យ៉ាងអកុសល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១៖២០នាទីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅភូមិទួលស្រឹង ឃុំព្នៅទី១ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ កុមារីរងគ្រោះមានឈ្មោះ ហេង លីឈី អាយុ១៨ខែ។

សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះបានអង្គុយលេងនៅខាងក្នុងផ្ទះ ខណៈដែលឪពុកម្ដាយ និងជីដូនកំពុងជាប់រវល់ធ្វើការងាររៀងៗខ្លួន។ ដោយសារតែការភ្លេចខ្លួនមួយសន្ទុះ ស្រាប់តែបាត់ក្មេងស្រីនោះ ទើបក្រុមគ្រួសារនាំគ្នាដើររកជុំវិញផ្ទះ រហូតប្រទះឃើញនាងធ្លាក់ចូលទៅក្នុងអាងស្តុកទឹកក្នុងបន្ទប់ទឹកស្លាប់ទៅហើយ បង្កឱ្យមានការស្រែកយំសោកស្ដាយជាពន់ពេក។

ក្រោយការចុះពិនិត្យកោសល្យវិច័្ចយយ៉ាងយកចិត្តទុកដាក់ សមត្ថកិច្ចបានបញ្ជាក់ថា កុមារីពិតជាបានស្លាប់ដោយសារការលង់ទឹកពិតប្រាកដមែន។

ជាមួយគ្នានេះ សមត្ថកិច្ចបានអំពាវនាវ និងក្រើនរំលឹកដល់មាតាបិតា ព្រមទាំងអាណាព្យាបាលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះកូនតូចៗ ដោយមិនត្រូវបណ្ដែតបណ្ដោយឱ្យពួកគេនៅក្បែរប្រភពទឹក ពាង ឬអាងទឹកតែម្នាក់ឯងឡើយ ដើម្បីចៀសវាងគ្រោះថ្នាក់អកុសលដែលអាចឆក់យកជីវិតមនុស្សជាទីស្រឡាញ់៕