មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ និងអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកកិច្ចប្រជុំក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គ (GMS) លើកទី៥៨
27-11-2026 16:53
(ព្រះសីហនុ)៖ លោក សុង តុងហាប់ តំណាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំក្រុមការងារ ទេសចរណ៍មហាអនុតំបន់មេគង្គ (GMS) លើកទី៥៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្តព្រះសីហនុ ដោយមានការចូលរួមពីប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ (GMS) ទាំងប្រាំមួយ, តំណាងការិយាល័យសម្របសម្រួល ទេសចរណ៍មេគង្គ (MTCO) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូពាក់ព័ន្ធសរុបចំនួន ៨០រូប ។
ថ្លែងក្នុងមតិស្វាគមន៍លោក ម៉ាង ស៊ីណេត បានគូសបញ្ជាក់ពីតួនាទីរបស់ខេត្ត តាមបណ្តោយច្រករបៀងទេសចរណ៍ ភាគខាងត្បូងមហាអនុតំបន់មេគង្គ និងជាប៉ូលសេដ្ឋកិច្ចដ៏សកម្ម និងជាច្រកចេញអន្តរជាតិផងដែរ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានធ្វើឱ្យខេត្តព្រះសីហនុ ត្រូវបានអភិវឌ្ឍន៍ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
លោក ម៉ាង ស៊ីណេត បានកត់សម្គាល់ពីការពង្រីកការតភ្ជាប់ផ្លូវអាកាស ជាមួយក្រុមហ៊ុនអាកាសចរណ៍ចំនួន៤ ដែលបានប្រតិបត្តិការជើងហោះហើរជាមធ្យម ៣៤ជើងក្នុងមួយសប្តាហ៍ ទៅកាន់គោលដៅក្នុងតំបន់ និងជើងហោះហើរពិសេសតាមរដូវកាលនាពេលខាងមុខ រួមជាមួយនឹងការកែលម្អហេដ្ឋារចនាសម្ព័ន្ធខេត្ត ការបណ្តុះបណ្តាលធនធានមនុស្ស និងការធានា សន្តិសុខជូនគណៈប្រតិភូ។
ក្នុងពិធីបើកនៃកិច្ចប្រជុំក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គលើកទី៥៨ និងកិច្ចប្រជុំពាក់ព័ន្ធ, លោក សុង តុងហាប់ បានសង្កត់ធ្ងន់លើតួនាទីរបស់វិស័យទេសចរណ៍ក្នុងការជំរុញកំណើនសេដ្ឋកិច្ចតំបន់ ការបង្កើតការងារ និងការអភិវឌ្ឍប្រកប ដោយចីរភាព ព្រមទាំងអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធដើម្បីផ្សព្វផ្សាយ ប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ (GMS) ជាគោលដៅទេសចរណ៍តែមួយផងដែរ៕





















