កាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ ផ្តល់ប្រាក់កម្ចីឥតការប្រាក់ជូនប្រជាពលរដ្ឋចំនួន២៩គ្រួសារ នៅស្រុកចុងកាល់ ដើម្បីជួយពង្រីកមុខរបរ និងលើកកម្ពស់ជីវភាព
27-11-2026 16:49
(ឧត្តរមានជ័យ)៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ បានផ្តល់ប្រាក់កម្ចីឥតការប្រាក់ពីមូលនិធិសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋចំនួន២៩គ្រួសារ នៅក្នុងស្រុកចុងកាល់ ដើម្បីជួយសម្រួលដល់ជីវភាព និងផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋយកដើមទុនទៅប្រកបមុខរបរផ្សេងៗ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមានលោក ឃិន ញ៉ាណ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ តំណាងលោក មាន ចាន់យ៉ាដា ប្រធានគណៈកម្មាធិការសាខា។
ក្នុងឱកាសនោះ លោក ឃិន ញ៉ាណ បានផ្តាំផ្ញើសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោក មាន ចាន់យ៉ាដា ជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលបានចូលរួម ព្រមទាំងបានបញ្ជាក់ពីគោលបំណងនៃការផ្តល់ប្រាក់កម្ចីឥតការប្រាក់នេះ គឺដើម្បីជួយគាំទ្រដល់ប្រជាពលរដ្ឋដែលមានតម្រូវការដើមទុន សម្រាប់យកទៅពង្រីកមុខរបរ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពគ្រួសារ។
សម្រាប់ប្រាក់កម្ចីដែលប្រជាពលរដ្ឋទទួលបាន គឺក្នុងមួយគ្រួសារចំនួន១លានរៀល ដោយមិនគិតការប្រាក់ឡើយ។ ចំពោះលក្ខខណ្ឌនៃការសងត្រឡប់វិញ ត្រូវអនុវត្តក្នុងរយៈពេល១ឆ្នាំ ដោយការសងត្រូវបែងចែកជា២ដំណាក់កាល គឺនៅរយៈពេល៦ខែដំបូង សងត្រឡប់ចំនួន៥០ម៉ឺនរៀល និងនៅ៦ខែបន្ទាប់ សងចំនួន៥០ម៉ឺនរៀលទៀត ដើម្បីបន្តរក្សាមូលនិធិនេះឱ្យមាននិរន្តរភាព និងអាចបន្តផ្តល់ជំនួយជាទម្រង់កម្ចីដល់ប្រជាពលរដ្ឋ ផ្សេងទៀតដែលមានតម្រូវការ។
សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្ររបស់សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ ក្នុងការជួយសម្រាលបន្ទុកជីវភាពប្រជាពលរដ្ឋ តាមរយៈការផ្តល់ដើមទុនដោយមិនគិតការប្រាក់ ដើម្បីជំរុញការប្រកបមុខរបរ និងបង្កើនសមត្ថភាពសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរឡើង៕





