មន្ទីរព័ត៌មានខេត្តព្រះវិហារ សហការជាមួយអង្គការ LAC បើកវគ្គបណ្តុះបណ្តាលពីច្បាប់របបសារព័ត៌មាន ដើម្បីពង្រឹងកិច្ចសហការ និងក្រមសីលធម៌វិជ្ជាជីវៈ
27-11-2026 16:44
(ព្រះវិហារ)៖ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងពង្រឹងកិច្ចសហការរវាងស្ថាប័នរដ្ឋជាមួយអ្នកសារព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តព្រះវិហារ សហការជាមួយអង្គការ ជំនួយផ្នែកច្បាប់នៃកម្ពុជា (LAC) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ច្បាប់ស្តីពីរបបសារព័ត៌មាន និងច្បាប់ពាក់ព័ន្ធនានា» ដោយមានការចូលរួមពីមន្ត្រីមន្ទីរព័ត៌មាន អ្នកនាំពាក្យ តំណាងរដ្ឋបាលក្រុងព្រះវិហារ និងមន្ត្រីមកពីអង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត។
វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ លោក សាំ ទូច អនុប្រធានមន្ទីរព័ត៌មានខេត្ត និងលោក អ៊ុន ច័ន្ទថុល មេធាវីនៃអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា (LAC)។
ក្នុងឱកាសនោះ គណៈអធិបតីបានលើកឡើងពីសារៈសំខាន់នៃការយល់ដឹង និងការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មានឱ្យបានត្រឹមត្រូវ ដោយចាត់ទុកថា ចំណេះដឹងផ្នែកច្បាប់ គឺជាមូលដ្ឋានដ៏សំខាន់ក្នុងការការពារសិទ្ធិ និងការបំពេញតួនាទីភារកិច្ចរបស់អ្នកសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ ព្រមទាំងជួយពង្រឹងទំនាក់ទំនង និងការប្រាស្រ័យទាក់ទងគ្នារវាងអាជ្ញាធរ ស្ថាប័នរដ្ឋ និងអ្នកសារព័ត៌មានឱ្យកាន់តែល្អប្រសើរ។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះមានគោលបំណងសំខាន់ចំនួន២ រួមមាន៖
ទី១៖ ពង្រឹងការយល់ដឹង និងបង្កើតវេទិកាចែករំលែកបទពិសោធន៍, ជួយឱ្យមន្ទីរ អង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង-ស្រុក យល់កាន់តែច្បាស់អំពីតួនាទី និងការងារពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសវិស័យព័ត៌មាន ព្រមទាំងផ្តល់ឱកាសឱ្យមន្ត្រីពាក់ព័ន្ធបានលើកឡើងពីក្តីបារម្ភ បញ្ហាប្រឈម និងបទពិសោធន៍ជាក់ស្តែងក្នុងការទំនាក់ទំនង និងផ្តល់ព័ត៌មានជូនអ្នកសារព័ត៌មាន។
ទី២៖ ជំរុញការពិគ្រោះយោបល់ និងស្វែងរកដំណោះស្រាយរួម, តាមរយៈការបើកកិច្ចពិភាក្សាដោយផ្ទាល់រវាងភាគីពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូល និងមតិយោបល់ សំដៅកែលម្អយន្តការផ្តល់ព័ត៌មាន និងការទទួលបានព័ត៌មានរវាងស្ថាប័នរដ្ឋ និងអ្នកសារព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព។ ជាមួយគ្នានេះ ការយល់ដឹង និងអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ក៏ជាកត្តាសំខាន់ក្នុងការកាត់បន្ថយការយល់ច្រឡំ ការខ្វែងគំនិត និងជៀសវាងវិវាទផ្លូវច្បាប់ដែលអាចកើតមានក្នុងការបំពេញការងារវិជ្ជាជីវៈ។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ មន្ទីរព័ត៌មានខេត្តព្រះវិហារ និងអង្គការ LAC រំពឹងថា អ្នកចូលរួមទាំងអស់នឹងទទួលបានចំណេះដឹង និងបទពិសោធន៍បន្ថែម ព្រមទាំងយកទៅអនុវត្តក្នុងការងារជាក់ស្តែង ប្រកបដោយការទទួលខុសត្រូវ គោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីរួមចំណែកលើកកម្ពស់វិស័យព័ត៌មានក្នុងខេត្តព្រះវិហារ ឱ្យកាន់តែមានគុណភាព តម្លាភាព និងប្រសិទ្ធភាព៕


















