FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានស្ថាប័ន Legends Tour ចាត់ទុកកម្ពុជាមានសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍវិស័យកីឡាវាយកូនហ្គោល និងពង្រីកភាពជាដៃគូអន្តរជាតិ

27-11-2026 16:39

(ភ្នំពេញ)៖ លោក Ryan Howsam ប្រធានស្ថាប័ន Legends Tour និងជាអ្នកជំនួញដ៏ល្បីល្បាញជនជាតិអង់គ្លេស បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ និងកិត្តិយសយ៉ាងខ្លាំង ចំពោះការទទួលបានស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាជនកម្ពុជា ជាពិសេសពីក្រុមគ្រួសារវឌ្ឍនៈ។ លោកបានចាត់ទុកថា ការរៀបចំកម្មវិធីប្រកួតកីឡាវាយកូនហ្គោលនៅកម្ពុជា គឺជាឱកាសដ៏ល្អក្នុងការលើកកម្ពស់សក្តានុពលប្រទេសកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

ការលើកឡើងនេះរបស់ លោក Ryan Howsam ក្រោយសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូ និងកីឡាករវាយកូនគោល Legends Tour ក្នុងព្រឹត្តិការណ៍ Vattanac Legends Championship និង Vattanac Tour Championship ឆ្នាំ២០២៦។

លោក Ryan Howsam បានលើកឡើងថា នៅពេលមកដល់ប្រទេសកម្ពុជា គឺការបានឃើញអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយានដ្ឋានដ៏ទំនើប និងអស្ចារ្យ។ លោកបានមើលឃើញថា ហេដ្ឋារចនាសម្ព័ន្ធដ៏ទំនើបនេះ ក៏ដូចជាការរីកចម្រើននានា បានឆ្លុះបញ្ចាំងពីសក្តានុពល និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាផងដែរ។

លោកបានបញ្ជាក់ថា បេសកកម្មសំខាន់របស់ស្ថាប័ន Legends Tour គឺការចូលរួមចំណែកអភិវឌ្ឍវិស័យកីឡាវាយកូនហ្គោលនៅទូទាំងពិភពលោក តាមរយៈការរៀបចំការប្រកួត និងសកម្មភាពកីឡាផ្សេងៗ ដោយមានការចូលរួមពីកីឡាករឆ្នើមៗ និងអតីតម្ចាស់ជើងឯកល្បីៗជាច្រើននៅតាមបណ្តាប្រទេសនានា ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។

លោកបានបន្ថែមថា ការអភិវឌ្ឍវិស័យកីឡាវាយកូនហ្គោល មិនមែនផ្តោតតែលើការរៀបចំការប្រកួតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្កើតឱកាសឱ្យកីឡាករឆ្នើមៗចែករំលែកបទពិសោធន៍ ចំណេះដឹង និងជំនាញ ដើម្បីជួយជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពកីឡាករជំនាន់ក្រោយឱ្យកាន់តែរីកចម្រើន។

ជាមួយគ្នានេះ លោក Ryan Howsam បានគូសបញ្ជាក់ថា កីឡាវាយកូនហ្គោលមិនមែនគ្រាន់តែជាប្រភេទកីឡាមួយមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កប់នូវគុណតម្លៃសំខាន់ៗ រួមមាន ក្រមសីលធម៌ វិន័យ ការអត់ធ្មត់ និងការគោរពគ្នាទៅវិញទៅមក ដែលគុណតម្លៃទាំងនេះមិនត្រឹមតែមានសារៈសំខាន់ក្នុងវិស័យកីឡាប៉ុណ្ណោះទេ ប៉ុន្តែអាចយកទៅអនុវត្តក្នុងជីវិតប្រចាំថ្ងៃបានផងដែរ។

ជាថ្មីម្ដងទៀត លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារវឌ្ឍនៈ ដែលបានចូលរួមសហការ និងគាំទ្រក្នុងការរៀបចំកម្មវិធីនេះឡើង។ លោកសង្ឃឹមថា ភាគីទាំងពីរនឹងបន្តពង្រឹងទំនាក់ទំនង និងពង្រីកភាពជាដៃគូឱ្យកាន់តែរឹងមាំ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍវិស័យកីឡាវាយកូនហ្គោលនៅកម្ពុជា ព្រមទាំងលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ៕