FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋលេខាធិការ  អ៉ិន ចន្ថា ចុះវាយតម្លៃបញ្ចប់សុពលភាពការងារលើកកម្រិត គុណភាពផ្លូវក្រាលបេតុង និងសំណង់សិល្បការ្យនៅស្រុកកងមាស ខេត្តកំពង់ចាម

27-11-2026 15:53

(កំពង់ចាម)៖ លោក អ៉ិន ចន្ថា រដ្ឋលេខាធិការតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារលើកកម្រិតគុណភាពផ្លូវក្រាលបេតុងចំនួន ១ខ្សែ ប្រវែង ១ ៣៥០ម៉ែត្រ ទទឹង ៦ម៉ែត្រ សាងសង់លូមូលមុខមួយចំនួន ២កន្លែង និងសំណង់សិល្បការ្យផ្សេងៗ ស្ថិតនៅភូមិបឹងត្រាវ ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម ដែលគម្រោងនេះអនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។

ជុំវិញការងារស្ថាបនាផ្លូវនេះ លោករដ្ឋលេខាធិការ បានបញ្ជាក់ថា ការស្តារ ការថែទាំ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្សេងៗ គឺជាការវិនិយោគដ៏ចាំបាច់របស់រាជរដ្ឋាភិបាល ដើម្បីសម្រួលដល់គមនាគមន៍ និងប្រជាពលរដ្ឋនៅគ្រប់ទិសទីនៅទូទាំងប្រទេស ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោក អ៉ិន ចន្ថា ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ លើការងារលើកកម្រិតគុណភាពផ្លូវ និងថែទាំរហូតដល់បញ្ចប់សុពលភាព ដោយរក្សានូវគុណភាពបានល្អប្រសើរ ហើយបញ្ហាផ្លូវជនបទនេះប្រសិនបើមិនយកចិត្តទុកដាក់នោះទេ ផ្លូវទាំងអស់នឹងរងនូវការខូចខាត ក្នុងនោះអ្នកដែលពិបាកគឺប្រជាពលរដ្ឋមូលដ្ឋាន និងអ្នកធ្វើដំណើរឆ្លងកាត់។

លោកបានលើកឡើងបន្ថែមថា ជុំវិញបញ្ហាផ្លូវជនបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទបានផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ព្រោះផ្លូវជនបទពិតជាមានសារៈសំខាន់ណាស់ ដោយមិនត្រឹមតែចូលរួមលើកកម្ពស់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានប៉ុណ្ណោះទេ ផ្លូវជនបទក៏ជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រែក្លាយតំបន់ជនបទឱ្យទៅជាតំបន់មានការរីកចម្រើន។

ទាក់ទិនជនបទ រដ្ឋលេខាធិការ អ៉ិន ចន្ថា ក៏បានបញ្ជាក់ថា ថ្មីៗនេះក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញផែនការយុទ្ធសាស្រ្ត ស្តីពីការធ្វើពិពិធកម្មគ្រួសារនៅតំបន់ជនបទ ឆ្នាំ២០២៦-២០៣៣ ដើម្បីជំរុញធ្វើពិពិធកម្មមុខរបរ និងនវានុវត្តន៍ការងារគ្រួសារនៅតំបន់ជនបទ ដោយផ្អែកលើសក្តានុពល ធនធានជំនាញ និងឱកាសទីផ្សារនៅមូលដ្ឋាន ដើម្បីបង្កើនផលិតភាព ឱកាសការងារ និងប្រាក់ចំណូលគ្រួសារប្រកបដោយចីរភាព៕