ប្រធានសាខាពន្ធដាខេត្តតាកែវ អំពាវនាវម្ចាស់មធ្យោបាយដឹកជញ្ជូន មកបង់ពន្ធឲ្យបានមុនការកំណត់មកដល់
27-11-2026 15:47
(តាកែវ)៖ នៅក្នុងឆ្នាំ២០២៦នេះ ការប្រមូលចំណូលពន្ធលើមធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូនរបស់សាខាពន្ធដាខេត្តតាកែវ នៅមិនទាន់គ្រប់ចំនួនតាមផែនការកំណត់នោះឡើយទេ រហូតមកដល់ពេលនេះ ពោលការប្រមូលពន្ធទើបតែប្រមាណជាង ៨០ភាគរយប៉ុណ្ណោះ។
ថ្លែងនៅក្នុងកិច្ចប្រជុំព្រាង ស្ដីពីការធ្វើបច្ចុប្បន្នភាពលើអាត្រាពន្ធអចលនទ្រព្យ និងអាត្រាពន្ធប្រថាប់ត្រា នៅសាលាខេត្តតាកែវលោក ជិន គឹមសេ្រង ប្រធានសាខាពន្ធដាខេត្តតាកែវ ថ្លែងឲ្យដឹងថា ពន្ធដែលខេត្តប្រមូលចំណូលបានច្រើនជាងគេ គឺពន្ធលើមធ្យបាយដឹកជញ្ជូនដោយក្នុងមួយឆ្នាំៗ ប្រមូលបានប្រមាណ៣លានដុល្លា ហើយរហូតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនយាន្តជំនិះគ្រប់ប្រភេទ សម្រេចបានចំនួន១០ពាន់លានរៀល «២លាន ៥សែនដុល្លា» ឬប្រមាណ៨៤.៥៧ភាគរយប៉ុណ្ណោះ នៅខ្វះប្រមាណ ២ពាន់លានរៀលទៀត ទើបគ្រប់ទៅតាមផែនការ។
បើតាមលោកប្រធានសាខាពន្ធដាខេត្តតាកែវ ការប្រមូលចំណូលពន្ធលើមធ្យោបាយដឹកជញ្ជូននេះ គឺអាចគ្រប់ទៅតាមផែនការដែលបានកំណត់ ព្រោះនៅសល់រយៈពេលប៉ុន្មានថ្ងៃទើបដល់ថ្ងៃផុតកំណត់ ហើយម្ចាស់រថយន្តភាគច្រើន តែងតែសម្រុកមកបង់ពន្ធនៅចុងខែ ព្រោះមិនចង់មានការផាកពិន័យ។
ឆ្លៀតនៅក្នុងឱកាសនោះ លោក ជិន គឹមស្រេង ប្រធានសាខាពន្ធដាខេត្តតាកែវ បានធ្វើការអំពាវនាវដល់អាជ្ញាធរក្រុង ស្រុក ជួយធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលមានរថយន្តត្រូវបង់ពន្ធ ហើយមិនទាន់បានមកបង់ពន្ធ សូមចូលខ្លួនមកបង់ពន្ធជៀសវាងការផាកពិន័យនៅពេលដល់ថ្ងៃផុតកំណត់។
សម្រាប់ការប្រមូលពន្ធអាករគ្រប់ប្រភេទរបស់សាខាពន្ធដាខេត្តតាកែវ ក្នុងឆ្នាំ២០២៥កន្លងមក សម្រេចបានលទ្ធផលប្រមាណ៤០ប៊ីលានរៀល ឬប្រមាណ១០លានដុល្លារ ស្មើនិង១១២.៧៨ភាគរយ នៃផែនការប្រចាំឆ្នាំ ពោលគឺលើសផែនការចំនួន ១២.៧៨ភាគរយ ហើយបើប្រៀបធៀបនិងឆ្នាំ២០២៤ គឺមានការកើនឡើងប្រមាណជាង៣ភាគរយ៕



