អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរពាក់ព័ន្ធចុះធ្វើរដ្ឋបាលចំហជាប្រចាំ ដើម្បីស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមអនឡាញឲ្យបានម៉ឺងម៉ាត់
27-11-2026 15:43
(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានថ្លែងណែនាំដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តចុះធ្វើរដ្ឋបាលចំហជាប្រចាំ ដើម្បីស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ឲ្យបានម៉ឺងម៉ាត់បំផុត ដោយគ្មានការលើកលែងឡើយ សំដៅធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំតុលាការ កងកម្លាំង និងមន្ទីរ-អង្គភាពពាក់ព័ន្ធ។
ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត ក៏បានណែនាំឲ្យមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន តាមដានស្ថានភាពប្រភពទឹក និងអប់រំពលរដ្ឋឲ្យចេះសន្សំសំចៃទឹក សម្រាប់ការធ្វើស្រែប្រាំង ដោយសារឥទ្ធិពលបាតុភូតអែលនីណូ។ ជាមួយគ្នានោះ សមត្ថកិច្ចច្រកទ្វារព្រំដែន ត្រូវសហការទប់ស្កាត់បទល្មើសគ្រឿងញៀន ការជួញដូរមនុស្ស និងត្រួតពិនិត្យការចេញ-ចូលទំនិញ ឲ្យបានត្រឹមត្រូវស្របច្បាប់។
ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់លើការពន្លឿនដោះស្រាយវិវាទការងារ ការពង្រឹងច្បាប់ចរាចរណ៍ ជំរុញការចុះឈ្មោះ និងផ្ទៀងផ្ទាត់បញ្ជីបោះឆ្នោតតាមប្រព័ន្ធជីវមាត្រ ព្រមទាំងខិតខំដោះស្រាយរាល់សំណើ និងទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕










