គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ចុះស្វែងយល់ពីបញ្ហាប្រឈមរបស់កម្មករនៅក្រុមហ៊ុន «ដូនពេញអាហ្រ្គីកូ» នៅស្រុកលំផាត់
27-11-2026 15:40
(រតនគិរី)៖ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកស្រី ចក់ មើល សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត អមដំណើរដោយលោក សុខ រដ្ឋា សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើននាក់បានចុះស្វែងយល់ពីបញ្ហាប្រឈមរបស់កម្មករនៅក្រុមហ៊ុន «ដូនពេញអាហ្គ្រីកូ» នៅស្រុកលំផាត់។
ការចុះមកជួបសំណេះសំណាល និងពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន និងកម្មករខាងលើ គឺក្នុងគោល បំណងស្វែងយល់ពីស្ថានភាពជាក់ស្តែង បញ្ហាប្រឈម និងតម្រូវការរបស់ស្ត្រី និងកុមារ ជាពិសេសស្ត្រី និងកុមារ ដែលកំពុងរស់នៅ ឬធ្វើការនៅក្នុងតំបន់ប្រតិបត្តិការ របស់ក្រុមហ៊ុន ព្រមទាំងសហគមន៍ដែលនៅជុំវិញ។
ក្នុងឱកាសនេះ លោកស្រី ចក់ មើល ក៏បានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួន ដែលត្រូវរួមគ្នាពិភាក្សានាពេលនេះ៖
ទី១៖ តើស្ត្រីគួរទទួលបានការការពារសិទ្ធិ និងលក្ខខណ្ឌការងារល្អប្រសើរ ដោយផ្តោតលើប្រាក់ឈ្នួល លក្ខខណ្ឌ ការងារ សុខភាពស្ត្រីមានផ្ទៃពោះ ការឈប់សម្រាកសម្រាលកូន និងការការពារពីការរើសអើង ឬការបៀតបៀន នៅកន្លែងធ្វើការ ឬយ៉ាងណា?
ទី២៖ តើការការពារសិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារ ជាពិសេសការទប់ស្កាត់ពលកម្មកុមារ ការធានាឱ្យ កុមារបានចូលរៀន ការថែទាំសុខភាព និងការការពារកុមារពីគ្រប់ទម្រង់នៃអំពើហិង្សា និងការកេងប្រវ័ញ្ចជាភារ កិច្ចរបស់ភាគីពាក់ព័ន្ធណាខ្លះ?
ទី៣៖ តើការការពារស្ត្រី និងកុមារដែលងាយរងគ្រោះ រួមមានការស្វែងរក និងកំណត់អត្តសញ្ញាណបញ្ហាប្រឈម របស់ជនរងគ្រោះ ការផ្តល់ជំនួយ ការបញ្ជូនទៅទទួលសេវាគាំពារសង្គម និងការសម្របសម្រួលដោះស្រាយ ករណីចាំបាច់ជាកាតព្វកិច្ចត្រូវធ្វើឬយ៉ាងណា?
ទី៤៖ ទំនាក់ទំនងរវាងក្រុមហ៊ុន និងសហគមន៍មូលដ្ឋាន ជាពិរសសការយកចិត្តទុកដាក់លើផលប៉ះពាល់នៃ សកម្មភាពអាជីវកម្មទៅលើជីវភាពរស់នៅរបស់ស្ត្រី និងកុមារក្នុងសហគមន៍ជនជាតិដើមភាគតិច។
ទី៥៖ តើត្រូវមានការបង្កើតយន្តការសហការ រវាងក្រុមហ៊ុន រដ្ឋបាលខេត្ត មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីទប់ស្កាត់ និងដោះស្រាយបញ្ហាដែលកើតមានប្រកបដោយប្រសិទ្ធភាព។
លោកស្រីបញ្ជាក់ថា ការលើកឡើងពីចំណុចសំខាន់ទាំង៥ ក្នុងកិច្ចជួបពិភាក្សានាពេលនេះមិនមែនមាន គោលបំណងចោទប្រកាន់ ធ្វើអធិការកិច្ច ឬសន្និដ្ឋានជាមុនចំពោះក្រុមហ៊ុនណាមួយនោះទេ ប៉ុន្តែជាការចុះ ស្វែងយល់ស្តាប់ព័ត៌មានពីគ្រប់ភាគី និងស្វែងរកដំណោះស្រាយរួម ដើម្បីធានាថា ការអភិវឌ្ឍសេដ្ឋកិច្ចដើរទន្ទឹមគ្នាជាមួយការការពារសិទ្ធិ និងសុខុមាលភាពរបស់ស្ត្រី និងកុមារសម្រាប់សង្គមជាតិ៕














