FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តព្រះវិហារ និងភរិយា ដឹកនាំក្បួនម៉ូតូមនុស្សធម៌ «ជិះម៉ូតូដើម្បីសាលារៀនជនបទ» នាំយកសម្ភារៈសិក្សាចែកជូនសិស្សានុសិស្សនៅខេត្តចម្ប៉ាសាក់ ប្រទេសឡាវ

27-11-2026 15:30

(ព្រះវិហារ)៖ ក្នុងស្មារតីមនុស្សធម៌ និងការចូលរួមលើកកម្ពស់វិស័យអប់រំតាមតំបន់ជនបទ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោកស្រី សុខា គងពិសី គីមរិទ្ធី បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តព្រះវិហារ រៀបចំសកម្មភាពជិះម៉ូតូមនុស្សធម៌ ក្រោមប្រធានបទ «ជិះម៉ូតូដើម្បីសាលារៀនជនបទ» ដោយនាំយកសម្ភារៈសិក្សាចែកជូនដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សាភូមិកុងទូន (Kongtoun) ស្រុកប៉ាកសង ខេត្តចម្ប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

សកម្មភាពមនុស្សធម៌នេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសដែលគណៈប្រតិភូរដ្ឋបាលខេត្តព្រះវិហារ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅខេត្តចម្ប៉ាសាក់ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីចូលរួមក្នុងពិធីបុណ្យកាហ្វេ តែ និងពិព័រណ៍ផលិតផលកសិកម្ម ឆ្នាំ២០២៦ ដែលរៀបចំឡើងក្នុងឱកាសអបអរសាទរខួបលើកទី៥១ នៃទិវាបុណ្យជាតិឡាវ។

ក្នុងឱកាសនោះលោក គីម រិទ្ធី និងលោកស្រី ព្រមទាំងគណៈប្រតិភូខេត្តព្រះវិហារ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលពីសំណាក់លោក អាឡុនសៃ ស៊ូនណាឡាត (Alounxay Sounnalath) លេខាគណៈកម្មាធិការបក្សខេត្ត និងជាអភិបាលខេត្តចម្ប៉ាសាក់ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក សេងដួន សូម៉ាវ៉ាន់ (Sengduan Somavanh) អភិបាលស្រុកប៉ាកសង លោក វីស៊ូន កែវខាំភុយ (Visoun Keokhamphui) ប្រធានមន្ទីរការបរទេសខេត្ត លោក ប៊ុនយ៉ុង ស៊ូនថន (Bounyong Sounthone) អនុប្រធានទីស្តីការរដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។

ជាមួយនឹងបរិយាកាសរីករាយ និងស្និទ្ធស្នាល គណៈប្រតិភូខេត្តព្រះវិហារ បាននាំយកអំណោយជាសម្ភារៈសិក្សា រួមមាន កាបូបស្ពាយ ដបទឹក សៀវភៅសរសេរ និងប៊ិក ចែកជូនដល់សិស្សានុសិស្ស ដើម្បីជួយសម្រួលដល់ការសិក្សា និងជាការលើកទឹកចិត្តឱ្យកុមារតូចៗនៅតំបន់ជនបទខិតខំរៀនសូត្រ ស្វែងយល់ចំណេះដឹង និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាធនធានមនុស្សដ៏មានសក្តានុពល សម្រាប់ចូលរួមអភិវឌ្ឍសហគមន៍ និងប្រទេសជាតិនាពេលអនាគត។

សកម្មភាពមនុស្សធម៌ឆ្លងដែននេះ មិនត្រឹមតែជាការចែករំលែកក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះកុមារនៅតំបន់ជនបទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីស្មារតីសាមគ្គីភាព ការជួយគ្នាទៅវិញទៅមក និងការរួមចំណែកលើកកម្ពស់វិស័យអប់រំ ព្រមទាំងពង្រឹងចំណងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការរវាងខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តចម្ប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឱ្យកាន់តែរឹងមាំ និងស្អិតរមួតថែមទៀត៕