FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរសុខាភិបាលខេត្តស្វាយរៀង ចេញសេចក្តីបំភ្លឺ ករណីការផ្តល់សេវាជូនអ្នកជំងឺគ្រោះថ្នាក់ចរាចរណ៍ នៅមណ្ឌលសុខភាពត្នោត

27-11-2026 15:27

(ស្វាយរៀង)៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីបំភ្លឺព័ត៌មានឆ្លើយតបទៅនឹងវីដេអូដែលបានផ្សព្វផ្សាយលើបណ្តាញសង្គម ពាក់ព័ន្ធការផ្តល់សេវាព្យាបាលអ្នកជំងឺគ្រោះថ្នាក់ចរាចរណ៍ នៅមណ្ឌលសុខភាពត្នោត។ ការបំភ្លឺនេះធ្វើឡើងដើម្បីជម្រះមន្ទិលសង្ស័យ និងផ្តល់ការពិតជូនសាធារណជន ក្រោយមានការចែករំលែកតៗគ្នា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦។

តាមការបញ្ជាក់ពីមន្ទីរសុខាភិបាល អ្នកជំងឺឈ្មោះ និន សូរិយា អាយុ១៣ឆ្នាំ ត្រូវបានម្តាយមីងនាំមកកាន់មណ្ឌលសុខភាពនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង១០៖៣០នាទីព្រឹក ដោយមានរបួសរលាត់ស្បែក ហើមបបូរមាត់ វៀចខ្ទង់ច្រមុះបន្តិច និងប៉ះទង្គិចក្បាល។

ដោយសារស្ថានភាពរបួសតម្រូវឲ្យមានការដេរ និងការពិនិត្យអមវេជ្ជសាស្ត្របន្ថែម គ្រូពេទ្យបានប្រឹក្សាយោបល់ឲ្យបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែក ប៉ុន្តែការដែលពុំបានលាងរបួសបឋមជូនអ្នកជំងឺ ត្រូវបានទទួលស្គាល់ថា ជាចំណុចខ្វះចន្លោះមួយ ដែលអង្គភាពសូមទទួលយកការរិះគន់ក្នុងន័យស្ថាបនា។

ទោះជាយ៉ាងណា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមគ្រូពេទ្យជំនាញបានចុះពិនិត្យសុខភាពកុមារីរងគ្រោះដោយផ្ទាល់ ដោយឃើញថារូបនាងបានជាសះស្បើយ និងវិលត្រឡប់ទៅរៀនសូត្រជាធម្មតាវិញហើយ។

ជាមួយគ្នានេះ មន្ទីរសុខាភិបាលខេត្តស្វាយរៀង បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តជំរុញកែលម្អគុណភាពសេវា និងពង្រឹងសមត្ថភាពបុគ្គលិកនៅតាមបណ្តាមូលដ្ឋានសុខាភិបាលទូទាំងខេត្ត ដើម្បីធានាបាននូវគុណភាព ប្រសិទ្ធភាព និងទំនុកចិត្តខ្ពស់ពីសំណាក់ប្រជាពលរដ្ឋ៕