អាជ្ញាធរជាតិអប្សរា បើកការដ្ឋានជួសជុលស្ពានហាលខាងកើតប្រាសាទបេងមាលា ដំណាក់កាលទី២ ក្រោមជំនួយមូលនិធិឡានឆាង-មេគង្គ
27-11-2026 15:26
(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរៀបចំពិធីប្រុងពលីបើកការដ្ឋានជួសជុល ស្ពានហាលខាងកើតប្រាសាទបេងមាលា ដែលជាដំណាក់កាលទី២ ក្រោមជំនួយមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ នៃសាធារណរដ្ឋប្រជាមានិតចិន។
លោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានថ្លែងថា គម្រោងដំណាក់កាលទី២នេះ មានប្រវែងសរុប ១៥០ម៉ែត្រ ដោយបន្តជួសជុលផ្នែកដែលនៅសេសសល់ នៃរចនាសម្ព័ន្ធស្ពានហាលខាងកើត ខឿនរបស់ខ្លោងទ្វារ ប្រព័ន្ធលូបង្ហូរទឹក សសរគោល និងផ្នែកខ្លះនៃផ្លូវចូលខាងកើត។
គម្រោងជួសជុលនេះគឺស្ថិតក្រោមជំនួយមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ឆ្នាំ២០២៥ ដោយចំណាយថវិកាសរុបចំនួន ៤១៣,០៤៥ដុល្លារ។
ក្នុងនាមជាប្រធានអនុវត្តគម្រោង លោកបានថ្លែងអំណរគុណជាអនេក ចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន មូលនិធិពិសេសសម្រាប់កិច្ចសហប្រតិបត្តិការឡានឆាង -មេគង្គ និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលបានជ្រើសរើសគម្រោងលើកទី២នេះ ហើយលោកនិងក្រុមការងារ នឹងដឹកនាំការងារនេះឱ្យទទួលបានលទ្ធផលល្អ ។
លោក លូ ឈីជឺ (Lu Qizhi) ប្រធានការិយាល័យកុងស៊ុលនៃសហប្រជាមានិតចិនប្រចាំខេត្តសៀមរាប បានឱ្យដឹងថា គម្រោងនេះបន្តកសាងឡើងលើសមិទ្ធផលនៃគម្រោងអភិរក្ស និងជួសជុលស្ពានហាលខាងកើតនៃប្រាសាទបឹងមាលា ហើយតំណាងឱ្យគម្រោងជួសជុលបេតិកភណ្ឌវប្បធម៌ទីពី២រវាងប្រទេសចិន និងកម្ពុជា ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។
ក្រុមអ្នកជំនាញនឹងអនុវត្តការងារជួសជុលនៅលើស្ពានហាលខាងកើត ដែលមិនត្រឹមតែជួយបង្កើនបទពិសោធន៍ថ្មីរបស់ភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញការផ្លាស់ប្តូរ ក្នុងតំបន់លើការងារអភិរក្ស និងជួសជុលបេតិកភណ្ឌផងដែរ។
លោក កែវ កាន់វីរៈ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ប្រាសាទបេងមាលា គឺជាស្នាដៃស្ថាបត្យកម្មបុរាណដ៏អស្ចារ្យមួយរបស់កម្ពុជា ដែលឆ្លុះបញ្ចាំងពីភាពច្នៃប្រឌិតដ៏វិសេសវិសាល ជំនាញវិស្វកម្ម សមិទ្ធផលសិល្បៈ និងតម្លៃខាងស្មារតីនៃអារ្យធម៌ខ្មែរ។
ការជួសជុលប្រាសាទបេងមាលា មិនមែនគ្រាន់តែជាគម្រោងអភិរក្សបេតិកភណ្ឌវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែវាជាកិច្ចការដ៏មានអត្ថន័យនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន និងការលើកស្ទួយវិស័យទេសចរណ៍វប្បធម៌ ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។
លោក កែវ កាន់វីរៈ បានបន្តថា ភាគីកម្ពុជាបានចូលរួមសហការយ៉ាងសកម្ម ជាមួយដៃគូនៅក្នុងតំបន់ឡានឆាង-មេគង្គ ក្នុងគោលបំណងជំរុញការផ្លាស់ប្តូរវប្បធម៌ ពង្រឹងការអភិរក្សបេតិកភណ្ឌ និងលើកកម្ពស់ការអភិវឌ្ឍវប្បធម៌ប្រកបដោយចីរភាព៕































